(ភ្នំពេញ)៖ លោក ជា មុន្នី អតីតប្រធានសហភាពសហជីពសេរីកម្មករ និង​​ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៨​នេះ​ ពុំបាន​ចូល​ខ្លួន​បំភ្លឺ​តាម​ការ​កោះហៅ​របស់ លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អំពីករណីញុះញង់ ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជានោះទេ​។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។

មន្ត្រី​តុលាការ​ បានថ្លែង​ថា​ ទោះបីជា លោក​ជា​ មុន្នី​ ពុំ​ចូល​ខ្លួន​បំភ្លឺ​តា​មការ​កំណត់​ក៏ដោយ ក៏​តុលាការ​បន្ត​នីតិវិធី​ដែរ​ ពោល​គឺ​ ប្រសិន​បើ​រក​ឃើញ​ពិរុទ្ធ​ភាព​នៃ​បទល្មើស​ ព្រះ​រាជ​អាជ្ញា​នឹង​ចោទប្រកាន់​ រួច​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ ចាត់​ការ​បន្ត​តាម​នីតិវិធីតែម្តង​ ។

គួរបញ្ជាក់ថា នាថ្មីៗនេះ លោក​ ដារ៉ា​ សុបញ្ញា​ និង​ លោក​ កេតុ​ សុវណ្ណឌី​ ជាមេធាវីតំណាងដោយអាណត្តិរបស់សហជីពធំៗចំនួន១២០ បា​នដាក់ពាក្យប្តឹង លោក​ ជា​ មុន្នី ដែលបានញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ តាមរយៈបណ្តឹងនេះ ក្រុមសហជីពធំៗ បានស្នើឱ្យតុលាការ ផ្តន្ទាទោស លោក ជា មុនី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួនមួយលានដុល្លារសហរដ្ឋអាមេរិក។

ការដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក ជា មុនី លើកឡើងដោយស្នើ ទៅសហភាពអឺរ៉ុប ឱ្យដាក់ ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ លោក ជា មុនី បានបង្ហាញការរំពឹងតាមរយៈវិទ្យុបរទេសមួយថា បើសហភាព អឺរ៉ុប ដាក់ ទណ្ឌកម្មនេះរាជរដ្ឋាភិបាលកម្ពុជានឹងរងគ្រោះ ហើយងាកមករកផ្លូវចរចា បញ្ចប់វិបត្តិនយោបាយជាមួយ គណបក្សប្រឆាំង។

ក្រុមសហជីពធំៗ តំណាងឱ្យកម្មកររាប់សែននាក់ នៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា ក្នុងករណីដែលសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច មែននោះ ផលវិបាកធ្ងន់ធ្ងរ នឹងធ្លាក់ទៅលើកម្មកររាប់លាននាក់ និងបាត់បង់ការងារធ្វើ ក្នុងនោះមានផលប៉ះពាល់ ដោយផ្ទាល់ដល់កម្មករ១,២លាននាក់ និងផលប៉ះពាល់ ដោយប្រយោលចំពោះកម្មករ ៣លាននាក់ផងដែរ៕