(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានឧបត្ថម្ភថវិកាចំនួន៥០០០ដុល្លារ ដល់គ្រួសារសពបុរសម្នាក់ ដែលបានស្លាប់ដោយសារគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច ខណៈកំពុងចុះទៅ បង្ក្រាបសង្វៀនជល់មាន់ និងបាញ់អាប៉ោងមួយកន្លែង ស្ថិតនៅភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីម្សិលមិញ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឧបត្ថម្ភថវិកាចំនួន៣ពាន់ដុល្លារ និងចូលរួមបុណ្យសពចំនួន២លានរៀល, អភិបាលខណ្ឌលោក ហែម ដារិទ្ធ ចំនួន១០០ដុល្លា, លោក ឃឹម ស៊ុនសូដា ចំនួន១០០ដុល្លារ, លោក យឹម សារ៉ាន់ អធិការខណ្ឌចំនួន៥០០ដុល្លារ ព្រមទាំងមន្រ្តីនគរបាលផ្សេងទៀតផងដែរ ដល់ក្រុមគ្រួសារនៃសព ដើម្បីធ្វើបុណ្យជូនជនរងគ្រោះ។
ថវិកាជិត១ម៉ឺនដុល្លារ ត្រូវបានលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ នាំយកទៅប្រគល់ជូន និងបានចូលរួមពិធីបុណ្យសពជនរងគ្រោះ ដោយផ្ទាល់ផងដែរ និងបានផ្តាំផ្ញើការចូលរួមរំលែកទុក្ខរបស់លោកអភិបាលរាជធានីភ្នំពេញ និងស្នងការ ចំពោះការបាត់បង់ជីវិតជនរងគ្រោះ នៅក្នុងហេតុការណ៍អចេតនាមួយនេះ។
សូមបញ្ជាក់ថា វេលាម៉ោងជាង១១ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចដីឡូតិ៍ ខាងក្រោយផ្សារកាណាស៊ីធី ក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យកម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំមួយ រហូតមានការផ្ទុះអាវុធ (បាញ់ឡើង) ដោយសារខ្លាចក្រុមចូលលេងល្បែងជល់មាន់តដៃ ហើយក៏រាលកៃ បណ្ដាលឱ្យត្រូវបុរសជាកម្មកររោងចក្រម្នាក់ ខណៈកំពុងអឺតមើលនៅលើផ្ទះជួលជាន់ទី៣ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងទៅលើជនរងគ្រោះឈ្មោះ សៀក រ៉ន អាយុ៣៣ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅក្បែរផ្សារកាណាស៊ីធី មានស្រុកកំណើតនៅ ខេត្តកំពង់ស្ពឺ មានប្រពន្ធឈ្មោះ ណុប ផានី អាយុ២៧ឆ្នាំ មុខរបរកម្មការីនីរោងចក្រ មានស្រុកកំណើតភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។
ប្រពន្ធជនរងគ្រោះឈ្មោះ ណុប ផានី បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានមកពីហូបកាហ្វេ ហើយបានឡើងទៅបន្ទប់ជួលរបស់គាត់។ ពេលនោះប្តីរបស់គាត់ បានអឺតមើលគេជល់មាន់ ស្របពេលដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ក៏បានបាញ់ឡើងទៅលើជាច្រើនគ្រាប់ ក៏បណ្ដាលឲ្យត្រូវជនរងគ្រោះចំ បំពង់កមួយកន្លែង និងដៃស្ដាំមួយកន្លែង ហើយប្រពន្ធជនរងគ្រោះ បានហៅរថយន្ដពេទ្យ សម្ពពអង្គរ ដឹកជនរងគ្រោះបានប្រហែលជា៥នាទី ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅក្នុងរថយន្តតែម្ដង។
ចំពោះហេតុការណ៍ខាងលើនេះ លោក យឹម សារ៉ាន៉ អធិការនគរបាលខណ្ឌ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា មុនដំបូងកម្លាំងនគរបាលរបស់ខណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅបង្ក្រាបករណីគ្រឿងញៀនមួយកន្លែង ពេលនោះក៏ទទួលបានព័ត៌មានថា មានករណីគ្រឿងញៀន២ទីតាំងទៀត នៅផ្តុំផ្សារកាណាស៊ីធី ហើយកម្លាំងក៏បុកទៅ ក៏ស្រាប់តែឃើញមានសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំមួយ។
ដោយសារជាបទល្មើសជាក់ស្តែង កម្លាំងនគរបាលរបស់លោក ក៏ចុះទៅបង្ក្រាបតែម្តង ប៉ុន្តែដោយសារមានអ្នកលេងល្បែងជល់មាន់ខ្លះ បានរត់មកតដៃជាមួយនគរបាលបណ្តាលឲ្យរងរបួសខ្លះដែរ រហូតដួលជ្រុះកាំភ្លើង ហើយខ្លាចអ្នកលេងល្បែងជល់មាន់ ដណ្តើមកាំភ្លើង កម្លាំងផ្សេងទៀត ក៏បានបាញ់ឡើងលើតែម្តង។
លោកថា ពេលបាញ់ឡើងលើនោះស្រាប់តែគ្រាប់កាំភ្លើងរត់ទៅបុកបង្កាន់ដៃបន្ទប់ជួលរបស់ជនរងគ្រោះ ហើយក៏ផ្លាតទៅចំជនរងគ្រោះ ខណៈកំពុងអើតមើលការបង្ក្រាបនេះ បណ្តាលឲ្យស្លាប់ ពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំពោះហេតុការណ៍អចេតនាមួយនេះ លោកអធិការ ពិតជាមានការសោកស្តាយយ៉ាងខ្លាំង និងក៏សូមចូលរួមរំលែកទុក្ខក្រុមគ្រួសារជនរងគ្រោះផងដែរ។
ជនរងគ្រោះបានស្លាប់ទៅបន្សល់ឲ្យស្រ្តីជាប្រពន្ធនៅមេម៉ាយ និងកូនប្រុសស្រីតូចៗ២នាក់ កំព្រាឪពុកផងដែរ៕