(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ស្អែកនេះ កម្ពុជា-បារាំង នឹងរៀបចំកិច្ចប្រជុំពិគ្រោះ យោបល់កម្រិតគោល នយោបាយ ជាលើកទី២ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ការកណ្តាល នៃទីភ្នាក់ងារបារាំង សម្រាក់ការអភិវឌ្ឃ ឬហៅកាត់ថា (AFD) នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា តបតាមការអញ្ជើញពីភាគីបារាំង លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ដោយមានសមាសភាព តំណាងមកពី ក្រសួងស្ថាប័នពាក់ព័ន្ធ ទៅចូលរួមកិច្ចប្រជុំនេះ។
កិច្ចប្រជុំពិគ្រោះ យោបល់កម្រិតគោលនយោបាយនេះ គឺជាយន្តការពិគ្រោះយោបល់ កម្រិតគោលនយោបាយទ្វេភាគី រវាងកម្ពុជា និងបារាំង ដែលជាចំណុចគោល ចរមួយដ៏សំខាន់ នៅក្នុងទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចអភិវឌ្ឍន៍រវាងបារាំង-កម្ពុជា ដែលគ្របដណ្តប់លើច្រើនវិស័យ។
គោលបំណង នៃការរៀបចំកិច្ចប្រជុំនេះ គឺដើម្បីកំណត់ នូវទិសដៅគោលនយោបាយ និងយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការ នៅបណ្តាឆ្នាំខាងមុខ ដើម្បីដោះស្រាយនិងបំពេញតម្រូវ ការខាងផ្នែកអភិវឌ្ឍន៍របស់កម្ពុជា ជាមួយនឹងធនធាន និងការគាំទ្រផ្តល់ ដោយរដ្ឋាភិបាលបារាំង ដើម្បីផលប្រយោជន៍ ទៅវិញទៅមក ក៏ដូចជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ច អភិវឌ្ឍន៍រវាង ប្រទេសទាំងពីរ។
គិតចាប់ពីឆ្នាំ១៩៩៣ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០១៧ បារាំងបានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការដល់កម្ពុជាប្រមាណ៤០៩ លានអឺរ៉ូ ក្នុងនោះហិរញ្ញប្បទានឥតសំណង មានចំនួន ១៦៥លានអឺរ៉ូ, ឥណទានសម្បទានមានចំនួន១២១លានអឺរ៉ូ និងឥណទាន គ្មានការធានាពីរដ្ឋមានចំនួន ១២៣ លានអឺរ៉ូ។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៧ ភាគីបារាំងបានបើកផ្តល់ ហិរញ្ញប្បទាន សរុបប្រមាណ១៩១លានអឺរ៉ូ។
សូមបញ្ជាក់ថា កម្ពុជា-បារាំង បានរៀបចំកិច្ចប្រជុំពិគ្រោះ យោបល់កម្រិតគោលនយោបាយ ជាលើកទី១ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ នៅរាជធានីភ្នំពេញ៕