(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចជំនួបសំណេះសំណាលរវាងសម្តេចតេជោ ជាមួយនឹងអ្នកសារព័ត៌មាន និងអ្នកនាំពាក្យព្រមទាំងមន្រ្តី ក្រសួងព័ត៌មាន ដែលប្រារព្ធឡើង នៅកោះពេជ្រ កាលពីម្សិលមិញនោះ សម្តេចបានថ្លែងនូវអនុសាសន៍ជាច្រើន ពាក់ព័ន្ធនឹងគន្លឹះនៃការយកព័ត៌មាននានា និងការស្នើសុំដល់សិល្បការិនីល្បីៗទាំងអស់ ទម្លាយឈ្មោះមន្ត្រីធំៗ ឬឧកញ៉ាៗដែលតាមទាក់ទងខ្លួន ក្នុងន័យលួចលាក់ឲ្យដឹងជាសាធារណៈ។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសម្ដេចបានទស្សនាការផ្សាយកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh New TV និង Khmer Talking ផ្សាយរាល់ថ្ងៃសៅរ៍ចុងសប្តាហ៍ ដោយបានឃើញថា តារាល្បីភាគច្រើនបានបង្ហើបរឿងមានមន្ត្រីធំៗ និងឧកញ៉ាៗ តាមសុំស្នេហ៍ខ្លួន ខណៈករណីនេះសម្តេចបានស្នើសុំដល់សិល្បៈការិនីទាំងអស់នោះ ឲ្យបញ្ចេញឈ្មោះមន្ត្រីធំទាំងនោះតែម្ដង ព្រោះដើម្បីកុំឲ្យបាក់មុខ និងខូចឈ្មោះដល់មន្ត្រីធំៗមួយចំនួនធំផ្សេងៗទៀត។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសុំយកឱកាសនេះ ផ្ញើរជូនដល់ក្មួយៗតារាៗជានារី ដែលឡើងតាមកញ្ចក់ទូរទស្សន៍ និងការសម្ភាសន៍ តាមសារព័ត៌មាន និងវិទ្យុនានា តែងតែមានការមួយចំនួនអះអាងថា អ្នកធំៗ និងឧកញ៉ា តាមស្រឡាញ់ខ្លួនច្រើនណាស់។ ឥឡូវខ្ញុំចង់សួរ តើអាអ្នកធំមួយណា? ឲ្យវាច្បាស់មើល៍ .... អ្នកធំណា? ឧកញ៉ាណា? បើយ៉ាងៗហ្នឹង អ្នកធំមានច្រើនណាស់ និយាយឲ្យចំឈ្មោះទៅក្មួយ ពូអត់ថាអីទេ កុំតែក្មួយថាអញ្ចឹង វាខូចឈ្មោះអ្នកធំគេអស់ហើយបើយ៉ាងនេះ...»។
ជាមួយគ្នានឹងការស្នើសុំរបស់សម្តេចតេជោនាយករដ្ឋមន្រី្តនៃប្រទេសកម្ពុជា ដល់តារាស្រីល្បីៗនេះ គេសង្កេតឃើញថា តារាភាគច្រើន តែងតែបង្ហើបដូច្នេះមែន តាមរយៈការសម្ភាសន៍នានា ដូចជា កញ្ញា ដេនី ក្វាន់ និង កញ្ញា កុល ដាវី ព្រមទាំងតារាស្រីផ្សេងៗទៀតជាច្រើន ដែលបានមកផ្តល់បទសម្ភាសន៍តាមរយៈ «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ Fresh New TV និង Khmer Talking ដែលផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ចុងសប្តាហ៍ពីម៉ោង៧-៨យប់។
យ៉ាងណាមិញ សម្តេចតេជោ សង្ឃឹមថា តារានារីៗក្នុងប្រទេសកម្ពុជាទាំងអស់នឹងបានជ្រាប និងប្រតិបត្តិតាមនៃសំណើរមួយនេះ៕