Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកនេះ តុលាការកំណត់ឱ្យលោក ជា មុន្នី ត្រូវចូលបំភ្លឺជុំវិញករណីញុះញង់ឱ្យអឺរ៉ុប និងអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា

22-01-2018 09:40

(ភ្នំពេញ)៖ លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅលោក ជា មុន្នី អតីតប្រធានសហភាពសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា​ និង​បច្ចុប្បន្ន​ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា​ ឱ្យចូលបំភ្លឺក្នុងនាមជនសង្ស័យ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធនឹងការញុះញង់ឱ្យសហគមន៍អឺរ៉ុប និងអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ ប៉ុន្តែគិត​ត្រឹម​ម៉ោង​៩៖៣០នាទី​នេះ​ គេពុំ​ទាន់​ឃើញ​ លោក ​ជា​ មុន្នី​ ចូល​បំភ្លឺ​នៅតុលាការនៅឡើយទេ។

គួរបញ្ជាក់ថា លោក​ ដារ៉ា​ សុបញ្ញា​ និង​ លោក​ កេតុ​ សុវណ្ណឌី​ ជាមេធាវីតំណាងដោយអាណត្តិរបស់សហជីពធំៗចំនួន១២០ កាលពី​ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ បានចូលបំភ្លឺចំពោះមុខលោក​ សៀង​ សុខ​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ចំពោះការដាក់ពាក្យប្តឹងលោក​ ជា​ មុន្នី ដែលបានញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ តាមរយៈបណ្តឹងនេះក្រុមសហជីពធំៗបានស្នើឱ្យតុលាការផ្តន្ទាទោសលោក ជា មុនី ទៅតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួនមួយលានដុល្លារសហរដ្ឋអាមេរិក។

ការដាក់ពាក្យបណ្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក ជា មុនី លើកឡើងដោយស្នើ ទៅសហភាពអឺរ៉ុប ឱ្យដាក់ ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។ លោក ជា មុនី បានបង្ហាញការរំពឹងតាមរយៈវិទ្យុបរទេសមួយថា បើសហភាព អឺរ៉ុប ដាក់ ទណ្ឌកម្មនេះរាជរដ្ឋាភិបាលកម្ពុជានឹងរងគ្រោះ ហើយងាកមករកផ្លូវចរចា បញ្ចប់វិបត្តិនយោបាយជាមួយ គណបក្សប្រឆាំង។

ក្រុមសហជីពធំៗ តំណាងឱ្យកម្មកររាប់សែននាក់ នៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា ក្នុងករណីដែលសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច មែននោះ ផលវិបាកធ្ងន់ធ្ងរ នឹងធ្លាក់ទៅលើកម្មកររាប់លាននាក់ និងបាត់បង់ការងារធ្វើ ក្នុងនោះមានផលប៉ះពាល់ ដោយផ្ទាល់ដល់កម្មករ១,២លាននាក់ និងផលប៉ះពាល់ ដោយប្រយោលចំពោះកម្មករ ៣លាននាក់ផងដែរ៕