(ភ្នំពេញ)៖ យ៉ាងហោចណាស់មានបុរសជនជាតិខ្មែរម្នាក់បានស្លាប់ និងស្ត្រីជនជាតិកូរ៉េ៧នាក់រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុករថយន្តឈប់ចតចោល នៅលើផ្លូវជាតិលេខ៦ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចជំហានដំបូងបានឲ្យដឹងថា នៅម៉ោង៧ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចំណុចភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ដ និងរថយន្ត ដោយរថយន្ដ១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R: 8015 បើកបរដោយឈ្មោះ សៀ លីវន្ដ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិខ្នា ឃុំជ្រាវ ខេត្តសៀមរាប ដែលមានទិសដៅទៅភ្នំពេញ ដឹកមនុស្ស៩នាក់ ក្នុងនោះខ្មែរម្នាក់ (ប្រុស) និងជនជាតិកូរ៉េ៨នាក់ (ស្រី) មកដល់ចំណុចខាងលើបានបុក ពីក្រោយរថយន្ត១គ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 3B: 5084 និងរថយន្តសណ្ដោងរ៉ឺម៉កមួយគ្រឿងទៀត បាក់ស្លាកលេខបាត់ដំបង 4A: 0003 ដែលឈប់នៅចិញ្ចើមថ្នល់។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីនេះបណ្ដាលឲ្យស្លាប់អ្នកបើកបរជនជាតិខ្មែរម្នាក់ស្លាប់ និងរបួសជនជាតិកូរ៉េ៨នាក់ ក្នុងរបួសធ្ងន់៧នាក់ និងជនជាតិខ្មែរម្នាក់ទៀតរបួសស្រាល។ ករណីនេះ សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី និងជួយសង្រ្គោះអ្នករងរបួស៕