(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃអាទិត្យនេះបានក្រើនរំលឹកជាថ្មីម្តងទៀត ដល់អ្នកសារព័ត៌មានទាំងអស់ កុំឱ្យតាំងខ្លួនជាចៅក្រមកាត់ក្តី ដែលខុសនឹងវិជ្ជាជីវៈ សារព័ត៌មានឱ្យសោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវតែនិយាយការពិត ហើយមិនគួរធ្វើការសន្និដ្ឋានបែបចៅក្រមនោះទេ។
ការក្រើនរំលឹកជាថ្មីរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបលើកទី២ ជាមួយនឹងអ្នកសារព័ត៌មាន អ្នកនាំពាក្យមកពីស្ថាប័ននានាប្រមាណ៣៤០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អ្វីដែលខ្ញុំនៅតែបន្តរំលឹកដាស់តឿន សារព័ត៌មានកុំធ្វើជាចៅក្រមកាត់សេចក្តីឱ្យសោះ។ ចំណុចនេះឆ្នាំទៅខ្ញុំក៏បានរំលឹក ប៉ុន្តែខ្ញុំបានមើលឃើញនូវការអត្ថាធិប្បាយរបស់ស្ថានីយ៍ទូរទស្សន៍ខ្លះ និងវិទ្យុខ្លះ ហាក់ដូចជាបាន និងកំពុងដើរតួនាទីខុសពីទម្រង់អ្នកសារព័ត៌មាន ឬអ្នកធ្វើអត្ថាធិប្បាយ រហូតដល់ធ្វើការសន្និដ្ឋានតាមបែបចៅក្រមកាត់សេចក្តី»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា កន្លងទៅនេះ សម្តេចបានសង្កេតឃើញមានអ្នកធ្វើអត្ថាធិប្បាយនៅទូរទស្សន៍មួយចំនួន បានបន្តធ្វើការកាត់ក្តី ដែលប្រៀបដូចខ្លួនឯងជាចៅក្រម ហើយការកាត់សេចក្តីរបស់អ្នកសារព័ត៌មាននេះ ជួនកាន់មានលក្ខណៈលម្អៀងរវាងទំនាស់បុគ្គលម្នាក់ និងបុគ្គលម្នាក់ទៀត ខណៈតុលាការមិនទាន់សម្រេចយ៉ាងណា នៅឡើយទេ។
សម្តេចតេជោ បានស្នើឱ្យម្ចាស់ទូរទស្សន៍ទាំងអស់ពិនិត្យមើលបុគ្គលិករបស់ខ្លួនឡើងវិញ ដើម្បីចៀសវាងនូវការដើរតួជំនួសចៅក្រមបែបនេះ។ ជាមួយគ្នានេះសម្តេចក៏ស្នើឱ្យអ្នកសារព័ត៌មានទាំងនោះ ត្រូវកែខ្លួនឡើងវិញផងដែរ៕