(ភ្នំពេញ)៖ ក្រោយបញ្ចប់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដែលប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃរួចមក នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញ ដោយសម្រេចបានចំណុចធំៗចំនួន៧ ហើយសេចក្ដីសម្រេចចិត្តដែលមាន៤ទំព័រនេះ ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនបានអានជូនអង្គពិធីទាំងមូល។
តាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច បញ្ជាក់ថា មហាសន្និបាតបានដំណើរការស្របតាមលក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ក្នុងស្មារតីឯកភាពខ្ពស់ និងប្រកបដោយលក្ខណៈប្រជាធិបតេយ្យដ៏ទូលំទូលាយ ហើយបានចេញសេចក្ដីសម្រេចចិត្ត ចំនួន៧ចំណុចធំៗ
សូមជម្រាបថា មហាសន្និបាតនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្ដេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស។
សេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសខាងលើនេះ គណបក្សប្រជាជនកម្ពុជា បានសម្រេចបញ្ចូលសមាជិកថ្មីនៃគណៈកម្មាធិការកណ្តាលសរុបប្រមាណ ៣៤២នាក់។ បូកសរុបទាំងសមាជិកបញ្ចូលថ្មីនេះ បានធ្វើឲ្យបក្សកាន់អំណាចនៅកម្ពុជាមួយនេះ មានសមាជិកគណៈកម្មាធិការកណ្តាលរហូតដល់ទៅ ៨៦៥នាក់។
គណបក្សប្រជាជនកម្ពុជា ក៏បានបង្ហាញផងដែរថា សមាជិកគណៈកម្មាធិការកណ្តាលរបស់ខ្លួន បានទទួលមរណភាពចំនួន២២នាក់។
សូមបញ្ជាក់ថា ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ គឺជាថ្ងៃទីបីហើយ ដែលគណបក្សប្រជាជនកម្ពុជា បានបើកមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស ដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបានក្នុងអាណត្តិចាស់ឆ្នាំ២០១៣-២០១៨ និងដាក់ចេញទិសដៅការងារ ក៏ដូចក្របខណ្ឌនយោបាយថ្មីសម្រាប់ឆ្នាំ២០១៨-២០២៣។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចចិត្តដែលមានខ្លឹមសារទាំងស្រុងនូវខាងក្រោមនេះ៖