(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃអាទិត្យ ៥កើត ខែមាឃ ព.ស២៥៦១ ត្រូវថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ នឹងអញ្ជើញជួបសំណេះសំណាលជាមួយអ្នកព័ត៌មានទូទាំងប្រទេស អ្នកនាំពាក្យ និងមន្ត្រីក្រសួងព័ត៌មានសរុបប្រមាណ ៣៤១០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ជំនួបនារសៀលថ្ងៃនេះ គឺជាជំនួបលើកទី២ហើយ ខណៈជំនួបលើកទី១ ត្រូវបានធ្វើឡើងកាលពីខែមករា ឆ្នាំ២០១៧កន្លងទៅនេះ។ ជំនួបសំណេះសំណាលលើកទី២ អ្នកព័ត៌មានត្រូវបានអនុញ្ញាតឲ្យចូលរួមយ៉ាងទូលំទូលាយមិនមានការកំណត់ដោយកាលពីជំនួបលើកទី១នោះឡើយ។
ការបើកទូលាយឲ្យអ្នកព័ត៌មានបានជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នេះ បានធ្វើឲ្យក្រុមអ្នកព័ត៌មានសប្បាយរីករាយខ្លាំង។ ក្រុមអ្នកព័ត៌មានបានចាត់ទុកជំនួបនេះ គឺជាការផ្តល់តម្លៃ និងកិត្តិយសមួយពីប្រមុខរាជរដ្ឋាភិបាល ចំពោះក្រុមអ្នកព័ត៌មាន ហើយក៏ជាឱកាសដែលពួកគេបានទទួលអនុសាសន៍នានាពីប្រមុខរាជរដ្ឋាភិបាល ដើម្បីពង្រឹងលើវិជ្ជាជីវៈសារព័ត៌មានផងដែរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្លាប់បានអះអាងថា ការរៀបចំឲ្យមានជំនួបសំណេះសំណាលរវាងប្រមុខរាជរដ្ឋាភិបាល ជាមួយក្រុមអ្នកព័ត៌មាននេះ គឺជាការបង្កើននូវបរិយាកាសស្និទ្ធស្នាលរវាងប្រមុខរាជរដ្ឋាភិបាល ជាមួយក្រុមអ្នកព័ត៌មាន៕