Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលប៉ៃលិន ចុះត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាព និងគ្មានច្បាប់អនុញ្ញាត ព្រមទាំងធ្វើតេស្តបឋម (Test Kit) លើចំណីអាហារ ដែលបង្កគ្រោះថ្នាក់ដល់ សុខភាពរបស់ពលរដ្ឋ

21-01-2018 14:23

(ប៉ៃលិន)៖ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ លោក គិត សុវណ្ណា អនុប្រធានសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញ សហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើតេស្តបឋម (Test Kit) លើចំណីអាហារបរិភោគដើម្បីរកសារធាតុ ដែលនាំឱ្យគ្រោះថ្នាក់ដល់សុខភាព ព្រមទាំងត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាព និងគ្មានច្បាប់អនុញ្ញាត ជាពិសេសរកមើល ទឹកដោះគោម្សៅ៣ប្រភេទ ដែលក្រសួងសុខាភិបាល ហាមឃាត់ចរាចរដាក់តាំងលក់នាពេលថ្មីៗនេះ នៅផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក គិត សុវណ្ណា អនុប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានឱ្យដឹងថា ដើម្បីធានាដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ជាអ្នកទទួលទាននោះ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្ត ជាញឹកញាប់បានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយចុះត្រួតពិនិត្យ និងផ្សព្វផ្សាយឱ្យប្រប្រជាពលរដ្ឋទាំងអ្នកលក់ និងអ្នកទិញបានយល់ដឹងពីផលប៉ះពាល់ដល់សុខភាព ចំពោះទំនិញម្ហូបអាហារ ដែលខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ និងគ្មានច្បាប់អនុញ្ញាត។

លោក សាន​ វិជ្ជាសារ៉ាវុធ បានថ្លែងថា​ ជាក់ស្តែងនៅថ្ងៃនេះ មន្ត្រីជំនាញបានចុះមកធ្វើតេស្តបឋម(Test Kit) ទៅលើចំនីអាហារបរិភោគប្រចាំថ្ងៃរបស់បងប្អូន ប្រជាពលរដ្ឋនៅក្នុងផ្សាប៉ាហ៊ី ដើម្បីរកសារធាតុហាមឃាត់ ដូចជា៖ ប្រហិតសាច់គោ ត្រីទីឡាប់យ៉ាដែលនាំមកពីប្រទេសថៃ មឹក បង្គា សរសៃគុយទាវ សណ្តែកបណ្តុះ ជ្រួកស្ពៃ និងចំណីអាហារផ្សេងៗមួយចំនួនទៀត ហើយ​នៅក្នុងឱកាសនោះ មន្ត្រីជំនាញក៏បានស្វែងរកការចរាចរលក់នៅលើទីផ្សារខេត្តប៉ៃលិន នូវទឹកដោះគោម្សៅ៣ប្រភេទ ដែលផលិតនៅប្រទេសបាំរាំង គឺទី១- សេលីយ៉ា អាដេ ទី២-សេលីយ៉ា ម៉ាម៉ា និងទី៣-ពីកូត អែស អិល ដែលនឹងបង្កឱ្យមានគ្រោះថ្នាក់ ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសសម្រាប់ ទារក កុមារតូចៗ ស្ដ្រីមានផ្ទៃពោះ និងស្រ្ដីកំពុងបំបៅដោះកូន ដែលក្នុងទឹកដោះគោនោះ មានឆ្លងមេរោគ សាលម៉ូណែល ដែលពេលនេះ ក្រសួងសុខាភិបាល កំពុងធ្វើការប្រមូលត្រលប់ពីទីផ្សារមកវិញ។

សូមបញ្ជាក់ថា៖ ក្នុងការធ្វើតេស្តបឋម (Test Kit) លើចំនីអាហារបរិភោគមួយចំនួន នៅក្នុងផ្សារប៉ាហ៊ីនាឱកាសនោះ មន្ត្រីជំនាញមិនបានរកឃើញសារធាតុហាមឃាត់ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពនោះទេ ក្នុងនោះ ទឹកដោះគោម្សៅ ៣ប្រភេទ ដែលក្រសួងសុខាភិបាលហាមឃាត់ ក៏គ្មានចរាចរលក់នៅលើទីផ្សារខេត្តប៉ៃលិនដែរ៕