សម រង្ស៊ី ដែលជាអ្នកនយោបាយប្រឆាំងគ្មានទីតាំងឈរជើង ហើយកំពុងតែរួតរឹតដោយបណ្តឹងនៅតុលាការ បានព្យាយាមស្វែងរកឱកាសម្តងហើយម្តងទៀត ដើម្បីជួយសង្គ្រោះជីវិត នយោបាយរបស់ខ្លួន និងគ្រប់គ្រងកម្លាំងប្រឆាំងឡើងវិញ ខណៈដៃគូនយោបាយ កឹម សុខា ដែលបានឡើងធ្វើជាប្រធានបក្សសង្គ្រោះជាតិ មិនទាន់បានប៉ុន្មានផង ក៏ត្រូវជាប់គុកដោយសារ តែទង្វើក្បត់ជាតិ ហើយបក្សក៏ត្រូវបានរំលាយតាមអំណាចសាលដីការបស់តុលាការកំពូលថែមទៀត។ ដើម្បីបំពេញមហិច្ឆតាខ្លួន សម រង្ស៊ី ហ៊ានធ្វើអ្វីៗទាំងអស់ សូម្បីតែបំផ្លាញក្តីសង្ឃឹមចុងក្រោយ របស់ក្រុម កឹម សុខា ដែលខិតខំប្រឹងញុះញង់សហគមន៍អន្តរជាតិឱ្យដាក់សម្ពាធលើកម្ពុជា ជាថ្នូរថាជួយប្រស់បក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ និងអាចដោះលែង កឹម សុខា ចេញពីគុកបាន។
តាមពិតទៅពេលនេះ សម រង្ស៊ី ពុំមែនជាមេដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិនោះទេ ហើយគ្មានតំណែងណាមួយក្នុងរចនាសម្ព័ន្ធនៃគណបក្សសង្រ្គោះជាតិនោះដែរ។ សម្រាប់ សម រង្ស៊ី គណបក្សសង្រ្គោះជាតិបានស្លាប់បាត់ទៅហើយ ដូចនេះដើម្បីអាចគ្រប់គ្រងកម្លាំងឡើងវិញ ចាំបាច់ត្រូវបង្កើតយន្តការថ្មី ដោយប្រើកម្លាំងចាស់ គឺអ្នកគាំទ្រ និងមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ។ សម រង្ស៊ី បាននិងកំពុងស្ថិតនៅក្នុងស្ថានភាពលំបាកដោយសារតែខ្លួនមិនមែនជាសមាជិកបក្ស ហើយចេញមុខមកកាងក្នុងនាមបក្ស។
ជម្លោះផ្ទៃក្នុងបានផ្ទុះឡើងជាពិសេសក្នុងចំណោមអតីតសមាជិក នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់អតីតគណបក្សសង្គ្រោះជាតិ និងបានបើកកិច្ចប្រជុំសម្ងាត់កាលពីយប់ថ្ងៃទី១៩ ខែមករា ដើម្បីផ្សះផ្សារគ្នា។ អតីតគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ ជាផ្នែក២ដាច់ពីគ្នា។ ប៉ុន្តែហេតុអ្វីបានជា សម រង្ស៊ី ចាំបាច់បង្កើតចលនាសង្គ្រោះជាតិធ្វើអ្វី? មកពីមានផលប្រយោជន៍! នៅលើជ្រុងយុទ្ធសាស្រ្ត ការបង្កើតចលនាសង្រ្គោះជាតិ ក្រៅគណបក្សសង្រ្គោះជាតិគឺជាព្រួញមួយដែល សម រង្ស៊ី អាចបាញ់សត្វបានដល់ទៅ៣៖
ទី១៖ បង្កើតតំណែងមួយឱ្យ សម រង្ស៊ី ខ្លួនឯងដើម្បីធ្វើសកម្មភាពដោយពេញមុខពេញមាត់។ បើប្រើសំបកនៃគណបក្សសង្រ្គោះជាតិនោះ សម រង្ស៊ី គ្មានតួនាទីអ្វីទេ ហើយ កឹម មនោវិទ្យា នោះទៅវិញទេ ដែលអាចធ្វើការបានដោយពេញមុខ ពេញមាត់ជាមួយបរទេស។ ហេតុដូច្នេះហើយបានជាកន្លងមក សម រង្ស៊ី ប្រវ៉េប្រវ៉ាកាត់កេរ្តិ៍កាត់ខ្មាសធ្វើជាសុំចូលជាសមាជិក គណបក្សសង្រ្គោះជាតិវិញដើម្បីបានមីក្រូនិយាយ ប៉ុន្តែរហូតមកដល់ពេលនេះ ដូចមិនដែលឃើញមានសេចក្តីសម្រេចបញ្ចូលជាសមាជិកណបក្សសង្រ្គោះជាតិនៅឡើយទេ។
ទី២៖ យកឈ្មោះដូចគណបក្សសង្រ្គោះជាតិ ដើម្បីបង្កើតឱ្យមានការភ័ន្តច្រឡំ ងាយស្រួលលើកទង់សង្រ្គោះជាតិប្រមូលកម្លាំងអ្នកគាំទ្រ សកម្មជន និងមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ។
ទី៣៖ ភ្ជាប់ខ្លួនក្នុងកញ្ចប់នៃការទាមទារឱ្យបរទេសជួយ។ កម្មវត្ថុសំខាន់នៃយុទ្ធនាការរបស់អ្នកនាង កឹម មនោវិទ្យា គឺទាមទារឱ្យបរទេស ជួយប្រស់សពគណបក្សសង្រ្គោះជាតិឱ្យរស់ឡើងវិញ និងទាមទារឱ្យដោះលែង កឹម សុខា។ ប៉ុន្តែការទាមទារឱ្យ សម រង្ស៊ី បានត្រឡប់ចូលស្រុកវិញដោយអត់ទោស គឺពុំមានឡើយក្នុងកញ្ចប់នៃការទាមទារ។ បើបេសកកម្មនៃចលនាសង្រ្គោះជាតិ ដូចគ្នានឹងអ្វីដែល កឹម មនោវិទ្យា កំពុងធ្វើក្នុងនាមគណបក្សសង្រ្គោះជាតិ តើចាំបាច់អ្វីត្រូវបង្កើតចលនានេះ?
ដូចនេះក្រៅពីមានតំណែងពេញមុខពេញមាត់ជាថ្នាក់ដឹកនាំនៃចលនាសង្រ្គោះជាតិ អាចគ្រប់គ្រង់ឡើងវិញនូវកម្លាំងនៃអតីតបក្សសង្រ្គោះជាតិ គឺ សម រង្ស៊ី អាចភ្ជាប់ខ្លួនក្នុងកញ្ចប់នៃដំណោះស្រាយ វិលចូលស្រុកមកធ្វើប្រធានបក្សប្រឆាំងឡើងវិញ ប្រសិនបើបរទេសអាចជួយបានមែន។ ម្យ៉ាងទៀតប្រសិនបើអ្នកនាង កឹម មនោវិទ្យា អតីតថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិ ក៏ដូចជាប្រធានសាខាគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសទាំងអស់ចូលរួមក្នុងចលនាសង្រ្គោះជាតិរបស់ សម រង្ស៊ី នោះមានន័យថា សព និងព្រលឹងនៃគណបក្សសង្រ្គោះជាតិ ទាំងក្នុង និងក្រៅប្រទេស បានរលាយសូន្យក្លាយជាផ្សែងយ៉ាងពិតប្រាកដ។
សម រង្ស៊ី មិនខ្ចីខ្វល់ឡើយ! សម រង្ស៊ី គិតតែពីកេងចំណេញនយោបាយ ប៉ុន្តែ សម រង្ស៊ី ភ្លេចនិងបានបំភ្លេចនូវព្រលឹងខ្មែរ ដោយយកបរទេសធ្វើជាម៉ែឪ ហើយគិតថា បរទេសស្រឡាញ់ខ្មែរជាងខ្មែរ ស្រឡាញ់ខ្មែរទៅទៀត។ ចលនាសង្រ្គោះជាតិត្រូវបានបង្កើតឡើងដោយក្រុម សម រង្ស៊ី នៅលើទឹកដីសហរដ្ឋអាមេរិកមានបេសកកម្មសំខាន់ៗគឺការញុះញង់ឱ្យប្រជាជន និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់។ ការបង្កើតចលនាបែបនេះគឺជាចលនាឧទ្ទាម ដែលជាខ្មាំងរបស់រាជការខ្មែរ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
គោលបំណងពិតប្រាកដនៃចលនានេះ គឺការបង្កើតរណសិរ្សមួយដើម្បីដឹកនាំធ្វើបដិវត្តន៍ពណ៌ បន្ទាប់ពីបដិវត្តន៍នេះ បានទទួលបរាជ័យនាពេលកន្លងមក។ បដិវត្តន៍ពណ៌គឺជាទម្រង់មួយនៃការធ្វើ រដ្ឋប្រហារអំណាច ដែលជាអំពើខុសច្បាប់ ហើយបដិវត្តន៍ពណ៌នេះដាច់ខាត មិនស្ថិតនៅលើគន្លងនៃលទ្ធិប្រជាធិបតេយ្យសេរី ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនខ្មែរនោះទេ។
គណបក្សសង្រ្គោះជាតិ ដែលជាអង្គការចាត់តាំងនយោបាយដឹកនាំធ្វើបដិវត្តន៍ពណ៌កន្លងមក គឺត្រូវបានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ថ្នាក់ដឹកនាំនៃអតីតគណបក្សនេះ បានដឹកនាំយុទ្ធនាការនៅក្រៅប្រទេស ដើម្បីឱ្យបរទេសដែលជាឪពុកម្តាយបង្កើតបក្សសង្រ្គោះជាតិនេះជួយសង្រ្គោះ និងប្រស់សាកសព គណបក្សសង្រ្គោះជាតិឱ្យបានរស់ឡើងវិញ ហើយអ្នកនាង កឹម មនោវិទ្យា ដែលមានភាពលេចធ្លោជាងគេក្នុងការដឹកនាំយុទ្ធនាការនេះ បានអះអាងជាច្រើនលើកច្រើនសាថា បរទេសនៅតែទទួលស្គាល់គណបក្សសង្រ្គោះជាតិ ហើយយុទ្ធនាការនេះ បានលេចចេញជាផ្លែផ្កានាពេលខាងមុខ។ ប៉ុន្តែការបង្កើតចលនាសង្រ្គោះជាតិ ក្រៅគណបក្សសង្រ្គោះជាតិ គឺជាកំហុសដ៏ធ្ងន់ធ្ងរផ្នែកយុទ្ធសាស្រ្តទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។
នៅក្រៅប្រទេស ការបង្កើតចលនាសង្រ្គោះជាតិ ដោយអតីតថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិ គឺមានន័យស្មើនឹងការសម្លាប់គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសដែលអ្នកនាង កឹម មនោវិទ្យា អះអាងថា បរទេស នៅទទួលស្គាល់គណបក្សសង្រ្គោះជាតិ ហើយក៏មានន័យស្មើនឹងការបំផ្លាញចោលនូវយុទ្ធសាស្រ្ត និងកិច្ចខំប្រឹងប្រែងកន្លងមករបស់អ្នកនាង កឹម មនោវិទ្យា នៅក្រៅប្រទេសដែរ។ ដូចនេះ ចាប់ពីពេលនេះតទៅ តើអន្តរជាតិត្រូវធ្វើការជាមួយអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិដឹកនាំដោយក្រុម កឹម សុខា ឬធ្វើការជាមួយចលនាសង្រ្គោះជាតិដឹកនាំដោយក្រុម សម រង្ស៊ី។ សម្រាប់ផ្ទៃក្នុងប្រទេសវិញ ចលនាសង្រ្គោះជាតិ គឺជាចលនាឧទ្ទាម ដែលជាខ្មាំងរបស់រាជការខ្មែរ និងជាខ្មាំងនៃសុខសន្តិភាពរបស់ប្រជាជនកម្ពុជា។ អ្នកចូលរួមក្នុងចលនាឧទ្ទាមបែបនេះ គឺជាអ្នកប្រឆាំងនឹងរដ្ឋធម្មនុញ្ញនិងប្រឆាំងនឹងដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់កម្ពុជា ហើយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ដូចនេះ កម្លាំងផ្ទៃក្នុងរបស់អតីតបក្សសង្រ្គោះជាតិ ដែលចូលរួមក្នុងចលនានេះនឹងត្រូវបំផ្លាញ។
ប្រវត្តិសាស្រ្តកម្ពុជា បង្ហាញច្បាស់ហើយថា ការបង្កើតចលនានេះ គឺជាកំហុសដ៏ធ្ងន់ធ្ងរខាងផ្នែកយុទ្ធសាស្រ្ត។ ចលនាមួយដែលយករាជការខ្មែរ ព្រមទាំង សុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជា ធ្វើជាសត្រូវ គឺត្រូវតែវិនាស។ ការប្រកួតប្រជែងអំណាច ត្រូវធ្វើក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ក្នុងគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងក្នុងក្របខណ្ឌនៃច្បាប់ ដើម្បីកម្ពុជាមួយ រស់ក្នុងសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍន៍ ប្រកបដោយចីរភាព៕
ដោយ៖ ចៅ ចាក់ស្មុក, រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៨