(ភ្នំពេញ)៖ អ្នកជំនាញផ្នែកទីផ្សារហិរញ្ញវត្ថុ ចំនួនពីររូបបានមើលឃើញប្រហាក់ប្រហែលគ្នាថា កំហុសធំដែលនាំឲ្យការវិនិយោគ របស់វិនិយោគិនតែងតែទទួលបរាជ័យ បណ្ដាលមកពីរការស្គាល់ទីផ្សារ មិនបានច្បាស់លាស់ មានន័យថា ការខ្វះចំណេះដឹងទាក់ទងនឹងការជួញដូរ។ នេះបើយោងតាមលោក Hawk Cheng អ្នកជំនាញផ្នែកទីផ្សារហិរញ្ញវត្ថុ អន្ដរជាតិ បានលើកឡើងនៅថ្ងៃ២០ ខែមករា ឆ្នាំ២០១៨ ក្នុងកម្មវិធីសិក្ខាសាលាស្ដីពី យុទ្ធសាស្រ្តជួញដូរ ដែលរៀបចំធ្វើឡើងដោយក្រុមហ៊ុន Golden FX Link។
ការសំអាងបែបនេះរបស់លោក ធ្វើឡើងក្រោយលោក Hawk Cheng មានបទពិសោធន៍ទៅលើវិស័យទីផ្សារហិរញ្ញវត្ថុអន្ដរជាតិអស់រយៈពេល ប្រមាណជាង៣០ឆ្នាំកន្លងមក ទៅលើវិស័យជួញដូរ និងវិស័យទីផ្សារហិរញ្ញវត្ថុ។
ក្រុមហ៊ុន Golden FX Link បានប្តេជ្ញាចិត្តក្នុងការ ផ្តល់ចំណេះដឹងទៅលើទីផ្សារហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។ ក្នុងសិក្ខាសាលានោះដែរ បានផ្ដោតសំខាន់ទៅលើ ទិដ្ឋភាពទូទៅពីចំណេះចំនាញការជូញដូរក្នុងទីផ្សារ និងសារៈសំខាន់ នៃយុទ្ធសាស្រ្តការជួញដូរឲ្យកាន់តែ ទូលំទូលាយ
ជាមួយនឹងឱកាសវិនិយោគដែលទទួលបានផលចំណេញ។
លោក Hawk Cheng បានថ្លែងឲ្យដឹងថា ហេតុអ្វីបានអ្នកវិនិយោគិនមិនស្គាល់ទីផ្សារច្បាស់លាស់គឺមកពីកត្តាជាច្រើន។ ឧទាហរណ៍ថា ការជួញដូររូបបិយបណ្ណបរទេស ឬជួញដូរទៅលើមាស ប្រសិនបើវិនិយោគិនមិនយល់ច្បាស់ពីសេដ្ឋកិច្ចនោះនឹងនាំឲ្យ ការជួញដូរជួបបញ្ហាជាក់ជាពុំខាន។
លោកបានបន្ដទៀតថា កំហុសដ៏ធំរបស់វិនិយោគតែងតែបង្ករឡើង គឺពាក់ព័ន្ធនឹងការមិនយល់ច្បាស់ទាក់ទងទៅនឹងទីផ្សារហិរញ្ញវត្ថុ មិនយល់ច្បាស់ជាមួយយុទ្ធសាស្រ្ដនៃការជួញដូរ។ ការវិនិយោគត្រូវតែមានគម្រោង មានចំណេះដឹងគ្រប់គ្រាន់ និងមានភាពជឿជាក់ទៅលើអ្នកផ្ដល់ប្រឹក្សាយោលបល់ តើមានវិធីសាស្រ្ដអ្វី ក្នុងការស្វែងយល់ទៅលើទីផ្សារ? ទី១ វិនិយោគិនត្រូវស្វែងយល់ថា តើក្នុងពិភពលោកបច្ចុប្បន្ន កំពុងមានព័ត៌មានអ្វីកើតឡើង? ទី២ អតិផលរណា....និងទី៣សេដ្ឋកិច្ច ដែលការស្វែងយល់នៃគន្លឹះទី៣នេះច្បាស់លាស់ហើយ នោះនឹងនាំឲ្យការវិនិយោគឬជួញដូរមិនមាន
ជួបប្រទះបញ្ហានោះឡើយ។
ក្នុងនោះលោក ដេវីដ ឌន ជាអ្នកជំនាញវិស័យឧបករណ៍និស្សន្ទ បានឲ្យដឹងដែរថា ដើម្បីក្លាយជាអ្នកវិនិយោគដ៏ជោគជ័យម្នាក់ មិនត្រឹមតែការពឹងផ្អែកតែទៅលើការវិភាគបច្ចេកទេស និងការវិភាគព័ត៌មានប៉ុណ្ណោះទេ គឺត្រូវបន្ថែមការយល់ដឹងទៅលើការជ្រើសរើស ក្រុមហ៊ុនឧបករណ៍និស្សន្ទណាដែល បានទទួលការអុញ្ញាតិ និងស្រប់ច្បាប់ត្រឹមត្រូវពីស្ថាប័នរដ្ឋ បុគ្គលិកប្រកបដោយវិជ្ជាជីវៈ តាមស្ដង់ដារអន្ដរជាតិ និងមានតម្លាភាពទីផ្សារខ្ពស់។
ក្នុងនោះលោកក៏បានលើកយកពី ចំនុចសំខាន់ៗដែលញ៉ាំងឲ្យអ្នកចូលរួមយល់ដឹងកាន់តែស៊ីជម្រៅអំពីការវិភាគបច្ចេកទេស និងការវិភាគព័ត៌មាននានា ដែលជាផ្នែកដ៏សំខាន់មួយក្នុងការបង្កើនឱកាសស្វែងរកប្រាក់ចំណេញពីការជួញដូរផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង (ខេមបូឌា) នឹងបន្ដរៀបចំសិក្ខាសាលដើម្បី ផ្ដល់នូវចំណេះ ជំនាញពាក់ព័ន្ធទៅលើវិស័យផ្សេងទៀតជាច្រើន ធ្វើយ៉ាងណាបញ្ជ្រាប់ចំណេះដឹង ទៅដល់ប្រជាពលរដ្ឋកម្ពុជាឲ្យកាន់តែយល់ច្បាស់ និងស៊ីជម្រៅបន្ថែមទៀត៕