(ភ្នំពេញ)៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail 2018 លើកទី៣ នៅតំបន់អង្គរ ខេត្តសៀមរាប ដែលរៀបចំដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រុមហ៊ុន Phoenix Voyage អាជ្ញាធរអប្សរា និងអាជ្ញាធរពាក់ព័ន្ធខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការអស់រយៈពេល ២ថ្ងៃ(ទាំងយប់ទាំងថ្ងៃ) កាលពីថ្ងៃទី១៩-២០ ខែមករាកន្លងទៅ ។ នេះបើតាមការឲ្យដឹងពីលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។
លោករដ្ឋមន្ដ្រី ថោង ខុន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាបែបទេសចរណ៍ ដែលរត់ផ្សងព្រេងកាត់តាមវាលស្រែ ផ្លូវលំ ផ្លូវព្រៃជុំវិញតំបន់អង្គរ និងតំបន់អង្គរឆ្នាំនេះ ពិតជាទទួលបានជោគជ័យខ្លាំង បើធៀបនឹង ២ឆ្នាំមុន ដោយមានកំណើនអ្នកចូលរួមច្រើនជាង ៨០០នាក់ ដែលមកពីជាង ៤១ប្រទេស និងគ្រប់ទ្វីបលើពិភពលោកតែម្ដង ។ ពិសេសគឺមានការចូលរួមរត់ និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលជំរុញឲ្យព្រឹត្តិការណ៍នេះ កាន់តែទទួលបានជោគជ័យលើសពីការរំពឹងទុកទៀតផង ។
លោកបញ្ជាក់ថា «ការរៀបចំឆ្នាំនេះ គឺទទួលបានជោគជ័យជាងឆ្នាំមុន ហើយការចូលរួមក៏មានកំណើនច្រើន រហូតដល់ទៅ ២០% លើសពីក្ដីរំពឹង ដែលសង្ឃឹមកើនឡើងត្រឹម ១០% ក្នុងនោះបរទេសចូលរួមកើន ៣០% និងប្រជាពលរដ្ឋខ្មែរកើន ១០% ។ លើសពីនេះ ក្រៅពីអ្នករត់បរទេសជាង ៨០០នាក់ នៅមានភ្ញៀវទេសចរណ៍មកហែរហមជាង ១.០០០នាក់ទៀត ដែលធ្វើឲ្យមានកំណើនទេសចរណ៍ និងសេដ្ឋកិច្ច តាមរយៈព្រឹត្តិការណ៍កីឡាបែបទេសចរណ៍ ដែលរាជរដ្ឋាភិបាលផ្ដល់សិទ្ធិឲ្យ NOCC រៀបចំជារៀងរាល់ឆ្នាំ» ។
តាមរយៈសមិទ្ធិផលក្នុងឆ្នាំទី៣ នេះ លោករំពឹងថា ទិវារត់ប្រណាំង Angkor Ultra Trail នឹងកាន់តែមានប្រជាប្រិយភាព និងទាក់ទាញកាន់តែខ្លាំង បន្ទាប់ពីព្រឹត្តិការណ៍លក្ខណៈអន្ដរជាតិនេះ ត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក ពិសេសនៅតំបន់អឺរ៉ុប ដែលមានការចាប់អារម្មណ៍ខ្លាំងជាងគេ ។ ការអះអាងបែបនេះ ដោយសារលោកសម្លឹងឃើញពីទីតាំងអច្ឆរិយៈប្រវត្តិសាស្ដ្រ នៃតំបន់អង្គរ ខណៈក្រសួងទេសចរណ៍ និង NOCC បានប្ដេជ្ញានឹងរៀបចំព្រឹត្តិការណ៍មួយនេះឲ្យកាន់តែធំ ជាមួយនឹងគោលដៅឆ្នាំបន្ទាប់ យ៉ាងហោចមានអ្នកចូលរួម ២.០០០នាក់ទៀតផង ។
ដោយឡែកលទ្ធផលបច្ចេកទេសនៃព្រឹត្តិការណ៍អន្ដរជាតិ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា វិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រលេខ១ ផ្នែកបុរស គឺបានទៅកីឡាករបារាំង Bilocq S.Bastien និងលេខ១ ផ្នែកនារី បានទៅកីឡាការិនីប៉ូឡូញ Obidowicz Agata ។ វិញ្ញារត់ចម្ងាយ ៦៤គីឡូម៉ែត្រលេខ១ ផ្នែកបុរស បានទៅកីឡាករបារាំង Be Buchere Emmanuel និងលេខ១ ផ្នែកនារី បានទៅកីឡាការិនី Alekseeva Ekaterina ។ ចំណែកវិញ្ញាសាររត់ចម្ងាយ ៤២គីឡូម៉ែត្រលេខ១ ផ្នែកបុរស បានទៅកីឡាករប៉ូឡូញ Lesniak Michal និងលេខ១ ផ្នែកនារី បានទៅកីឡាការិនី Cussot Sylvaine ។
សូមបញ្ជាក់ថា ទិវារត់ប្រណាំង Angkor Ultra Trail ត្រូវបានរៀបចំឡើង ដោយផ្សាភ្ជាប់នឹងគោលបំណង ៣សំខាន់ ទី១ គឺផ្សព្វផ្សាយឲ្យបណ្ដាប្រទេសលើពិភពលោក ពិសេសភ្ញៀវទេសចរណ៍ជាង ៤១ប្រទេសចូលរួម បានដឹងពីស្ថេរភាព សន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្សព្វផ្សាយ និងចូលរួមថែរក្សាគោលដៅទេសចរណ៍ប្រវត្ដិសាស្ដ្ររបស់កម្ពុជា គឺតំបន់អង្គរ ខេត្តសៀមរាប ។ ទី២ គឺការរួមចំណែកស្វែងរកមូលនិធិ សម្រាប់ជួយដល់ការងារមនុស្សធម៌ តាមអង្គការ និងមន្ទីរពេទ្យមួយចំនួន និងទី៣ គឺការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនផងដែរ ៕