២០ថ្ងៃដំបូងនៃយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស នគរបាលចរាចរណ៍ត្រួតពិនិត្យយានយន្តបានជាង១០ម៉ឺនគ្រឿង រកឃើញល្មើសច្បាប់ជិត២ម៉ឺនគ្រឿង និងផាកពិន័យជាង១ម៉ឺនគ្រឿង
21-01-2018 09:31
(ភ្នំពេញ)៖ រយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៃយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សមត្ថកិច្ចនគរបាលចរាចរណ៍ ឃាត់បានយានយន្ដត្រួតពិនិត្យចំនួន១០៧,៥៣៦គ្រឿង រកឃើញយានយន្តល្មើស១៨,៧១៦គ្រឿង (ម៉ូតូ៦១ភាគរយ) ក្នុងនោះអប់រំ៦,២៥៧គ្រឿង និងផាកពិន័យ ១២,៤៥៩គ្រឿង (ម៉ូតូ៩២ភាគរយ)។ នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ត្រួតពិនិត្យបានសរុបរួមចំនួន៥២,៩៨៥គ្រឿង អប់រំ១,៦០៦គ្រឿង និងផាក់ពិន័យចំនួន៩,៦៥២គ្រឿង។
របាយការណ៍ បានបញ្ជាក់ទៀតថា ដោយឡែកសម្រាប់លទ្ធផលត្រួតពិនិត្យយានយន្ដ នៅរាជធានីភ្នំពេញ រយៈពេល២០ថ្ងៃដំបូង ក្នុងខែមករានេះ សមត្ថកិច្ចឃាត់យានយន្ដសរុបចំនួន ១០,២៣២គ្រឿង ក្នុងនោះមានរថយន្តជិះបញ្ច្រាសទិស៧គ្រឿង ក្រៅពីនោះ គឺជាម៉ូតូ និងរ៉ឺម៉ក់ម៉ូតូកង់៣ ដែលមិនពាក់មួកសុវត្ថិភាព មិនពាក់កញ្ចក់មើលក្រោយ យានយន្តមិនមានស្លាកលេខ៕