(ភ្នំពេញ)៖ រឿងក្តីវិវាទដីធ្លីជាយូរឆ្នាំមួយ នៅតែមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ បើទោះបីជាតុលាការគ្រប់ជាន់ថ្នាក់ បានសម្រេចឲ្យភាគីម្ចាស់ដី ឈ្នះក្តីយ៉ាងណាក្តី ក៏ភាគីម្ខាងទៀត មិនព្រមអនុវត្តន៍តាមសេចក្តីសម្រេចរបស់តុលាការ ដោយបន្តរស់នៅលើដីរបស់គេ មិនព្រមរុះរើចេញនោះឡើយ។
រឿងក្តីសុំដីរស់នៅបណ្តោះអាសន្ន ដល់ពេលម្ចាស់គេត្រូវការ មិនព្រមចាកចេញនេះ បានអូសបន្លាយតាំងពីឆ្នាំ២០១០មកម្ល៉េះ ដោយសាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ទរណ៍និងតុលាការកំពូល សុទ្ធតែបានកាត់ក្តីឲ្យម្ចាស់ដីឈ្នះ។
ភាគីម្ចាស់ដីដែលមានឈ្មោះ សោម មុន្នី ភេទស្រី រស់នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយឡែកភាគីដែលសុំដីគេស្នាក់នៅ ហើយមិនព្រមរុះរើចេញនោះ មានឈ្មោះ នង ស៊ុគ ភេទស្រី អាយុ៨៣ឆ្នាំ និងឈ្មោះ ចេង ខន ភេទប្រុស អាយុ៦៦ឆ្នាំ និងមានប្រពន្ធឈ្មោះ អោម ស៊ីមាន អាយុ៦៤ឆ្នាំ ដែលរស់នៅលើដីទំនាស់ក្នុងភូមិបោះអង្គុញ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមដំណើររឿង សរសេរក្នុងដីការបស់តុលាការកំពូលបានរៀបរាប់ថា៖ ក្នុងអំឡុងឆ្នាំ២០០០ ឈ្មោះ សោម មុនី (ម្ចាស់ដី) បានទិញដី និងស៊ីទែន កុតឺន័រ ចំនួន៤ និងគល់ឈើបេង ចំនួន៤ ពីឈ្មោះ ឡ ពន្លក ហៅ ឡ ស៊ីញ ដែលមានទំហំ៤០ម៉ែត្រគុណ៨៩,៥ម៉ែត្រ ទីតាំងស្ថិតនៅភូមិអង្កាញ់ ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល (កាលមិនទាក់កាត់ចូលមករាជធានីភ្នំពេញ) ក្នុងតម្លៃសរុប ២៥,០០០ដុល្លារអាមេរិក ហើយបានធ្វើការកាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិពីភាគីអ្នកលក់ឲ្យ មកអ្នកទិញត្រឹមត្រូវតាមបែបបទ នីតិវិធីសុរិយោដី (វិញ្ញាណបត្រសំគាល់ម្ចាស់ អចលនវត្ថុលេខ កណ ០០៩៧៩៥ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០០១។
នៅពេលដែលឈ្មោះ សោម មុនី ទិញដីពីឈ្មោះ ឡ ពន្លក រួចហើយ ឈ្មោះ ឡ ពន្លក បាននាំឈ្មោះ សោម មុនី ទៅជួបឈ្មោះ នង ស៊ុគ (អ្នករស់នៅលើដីគេមិនព្រមចេញ) ហើយឈ្មោះ ឡ ពន្លក បានប្រាប់ឈ្មោះ នង ស៊ុគ ថាគាត់បានលក់ដីឲ្យមកឲ្យ ឈ្មោះ សោម មុនី ហើយ ពេលនោះ នង ស៊ុគ បានប្រាប់ថា ដីទំនាស់នេះគាត់សុំឈ្មោះ ឡ ពន្លក ស្នាក់នៅបណ្តោះអាសន្នទេ ដើម្បីសុំដាំបន្លែដើម្បីចិញ្ចឹមជីវិត តែនៅពេលត្រូវការពេលណា គាត់នឹងចាកចេញពីដីនេះភ្លាម។
លុះដល់អំឡុងខែកញ្ញា ឆ្នាំ២០១០ ម្ចាស់ដី ឈ្មោះ សោម មុនី បានប្រាប់ទៅ ឈ្មោះ នង ស៊ុគ ឲ្យចាកចេញពីលើដីនេះ ព្រោះត្រូវការដីនេះយកមកប្រើប្រាស់វិញ ស្រាប់តែឈ្មោះ នង ស៊ុគ ពុំព្រមចាកចេញទេ មិនតែប៉ុណ្ណោះឲ្យកូនៗរបស់គាត់សង់ខ្ទមឈើបន្ថែម នៅលើដីទំនាស់នេះថែមទៀត ហើយបែជាថា ភាគីអ្នកទិញដីគាត់ឈ្មោះ ឡ ពន្លក ពុំទាន់បង់ប្រាក់ឲ្យគាត់គ្រប់ចំនួនទៅវិញ។ ទើបជំរុញឲ្យម្ចាស់ដី ប្តឹងទៅតុលាការដើម្បីឲ្យដោះស្រាយជូន។
យោងតាមចម្លើយ សាក្សី របស់លោកស្រី សោម មុនី (អ្នកឈ្នះក្តី) ដែលត្រូវជាកូនបង្កើត កូនប្រសារ ដន្លង ក្មួយ ចៅ អ្នកភូមិជិតខាង ចំនួន៣៥នាក់ រួមទាំង ចៅសង្កាត់ មេភូមិ របស់ នង ស៊ុគ និង ចេង ខន បានឆ្លើយបំភ្លឺអំពីការពិត តាមរយៈ វីដេអូរ បញ្ជាក់ថា ឈ្មោះ នង ស៊ុគ និង ឈ្មោះ ចេង ខន បានលក់ដី ពិតជាទទួលមាសថ្លៃដី គ្រប់ចំនួន ពីអ្នកទិញ ហើយយកទៅ ទិញដី អ្នកជិតខាង និងចែកកូនៗ ម្នាក់ៗ ៣-៥ ជីមាស រួមជាមួយភស្តុតាង ដទៃៗទៀត ទើបតុលាការ ទាំង៣ថ្នាក់ បានសម្រេចឲ្យម្ចាស់ដី ឈ្មោះ សោម មុនី ឈ្នះក្តី។ ចំណែកឈ្មោះ ចេង ខន និងគ្រួសារ បានរុះរើផ្ទះ ចេញពីដីដែលបានលក់ អោយមក ឈ្មោះ សោម មុនី ទៅទិញដី ផ្ទះ នៅជិតរោងចក្រស្រាបៀរ Tiger ក្រោយមកទៀតធ្លាក់ខ្លួន សង់ខ្ទម នៅលើចិញ្ចើមផ្លូវ (ដីចំណីផ្លួវ) ជិតរោងចក្រ ជាច្រើនឆ្នាំ លុះដល់ ឆ្នាំ២០១០ ត្រូវបាន យាយ នង ស៊ុគ ហៅអោយចូលមកនៅលើដី ទំនាស់វិញ។
បន្ទាប់ពីមកនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ លោក ខាំ សុផារី ព្រះរាជអាជ្ញារងសាលា ដំបូងរាជធានីភ្នំពេញ បានដឹកនាំគណៈកម្មការ ចម្រុះចុះអនុវត្តសាលដីការបស់តុលាការកំពូល ប៉ុន្តែត្រូវបានភាគីចាញ់ក្តី បានកេណ្ឌកម្លាំង ប្រជាពលរដ្ឋ៣០នាក់ មកពីតំបន់ផ្សេង មករារាំងការអនុវត្តន៍នេះ ទើបកម្លាំងគណៈកម្មការ លើកពេលអនុវត្តន៍សាលដីការ និងឲ្យភាគី ចាញ់ក្តីរុះរើចេញដោយស្មគ្រចិត្ត ដោយកំណត់ពេល ៣០ថ្ងៃ។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់រុះរើចេញដោយស្មគ្រនោះទេ។
ម្ចាស់ដីបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ខាងមុខនេះ គណៈកម្មការចម្រុះនឹងចុះអនុវតន៍សាលដីកា របស់តុលាការកំពុងជាលើកទី២ និងស្នើឲ្យគណៈកម្មការអនុវត្តន៍មានប្រសិទ្ធភាព ចំពោះករណីនេះ ព្រោះរូបគាត់ខាតបង់ច្រើនលុយក៏អស់ដីមិនទាន់បានគ្រប់គ្រងទៀត៕