(ភ្នំពេញ)៖ រោងចក្រថ្មីៗចំនួន៤ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដើម្បីអាចវិនិយោគនៅកម្ពុជា ក្រោមការបោះទុនវិនិយោគជិត៣០លានដុល្លារ និងបង្កើតការងារថ្មីជាង៣ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ដែលចុះផ្សាយនៅលើគេហទំព័រ Facebook ផ្លូវការរបស់ខ្លួន។
រោងចក្រទាំង៤នោះជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ និងវាយនភណ្ឌ រោងចក្រផ្គុំដំឡើងត្រង់ស្វូអគ្គិសនី និងសម្ភារៈអគ្គិសនី និងរោងចក្រផលិតបារីផងដែរ។
រោចចក្រទាំង៤ដែលទើបត្រូវបាន CDC ចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរនោះរួមមាន៖
១៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន SISOPHON HONG SENG SPORTSWEAR CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ៧មករា ភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,០៣៥កន្លែង។
២៖ គម្រោងបង្កើតរោងចក្រផលិតខ្សែរូត និងគ្រឿងបន្សំសម្លៀកបំពាក់ របស់ក្រុមហ៊ុន TH ZIPPER & METAL ACCESSORY (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំតានៃ (អតីតឃុំជើងព្រៃ) ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៣.៧៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៩កន្លែង។
៣៖ គម្រោងបង្កើតរោងចក្រផ្គុំតម្លើងត្រង់ស្វូអគ្គិសនី និងសម្ភារៈអគ្គិសនីផ្សេងៗ របស់ក្រុមហ៊ុន EMAX ELECTRIC CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ៣៤៩៩៤ ភូមិភា សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៥៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។
៤៖ គម្រោងបង្កើតរោងចក្រផលិតបារីរបស់ក្រុមហ៊ុន XIANG GANG TOBACCO (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.២៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១២កន្លែង។
សូមជម្រាបថា បើសរុបបញ្ចូលគ្នានោះ ក្នុងខែមករានេះ រោងចក្រ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន៩ហើយ ត្រូវបាន CDC ចេញលិខិតអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជា ដែលសរុបទុនវិនិយោគប្រមាណ៧០លានដុល្លារ បង្កើតការងារថ្មីប្រមាណ៧ពាន់កន្លែង៕