(ត្បូងឃ្មុំ)៖ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ និងលោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តត្បូងឃ្មុំ តំណាងលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
តាមសេចក្តីសម្រេច លោក អ៊ួន សុវណ្ណារ៉ា ពីប្រធានការិយាល័យគយ និងរដ្ឋាករ ខណ្ឌចំការមន ទៅទទួលតំណែងថ្មីជាប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ចំណែកឯលោក ប៉ុន ប៊ុណ្ណា ផ្ទេរភារកិច្ចថ្មី ទៅជាអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ចាមវិញ។
លោក ប៉ែន កុសល្យ និងលោក នូ ស៊ីថា បានលើកឡើងថា ការផ្លាស់ប្តូរ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ។ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែក អ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រទេសជិតខាង ពិសេសយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញឆ្លងកាត់ឲ្យបានត្រឹមត្រូវ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទ។
នាឱកាសនោះ លោក អ៊ួន សុវណ្ណារ៉ា ទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្តថា បំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន, គោរពប្រតិបត្តិឲ្យបាននូវ អភិក្រមបួនប្រការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គោរពក្រមសីលធម៍ ជាមន្ត្រីគយ និងរដ្ឋាករ ក៏ដូចជាចូលរួមសហការឲ្យបានល្អផ្ទៃក្នុងអង្គភាព និងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ។
ជាពិសេស គោរពអនុវត្ត នូវភារកិច្ចសំខាន់ទាំង៣ របស់គយ រួមមាន៖ ប្រមូលចំណូលពន្ធ អាករ និងកម្រៃផ្សេងៗជូនរដ្ឋឲ្យបានគ្រប់ និងលើសផែនការ, បង្ការ និងបង្ក្រាបអំពើរត់គេចពន្ធឲ្យបានលទ្ធផលខ្ពស់ សម្រួលពាណិជ្ជកម្មអន្តរជាតិឲ្បបានសមស្រប៕