(កណ្តាល)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតស្រូវ ក្នុងស្រុកដ៏ធំមួយនៅកម្ពុជា បានអះអាងថា រយៈពេល២០ថ្ងៃទៀត ក្រុមហ៊ុននឹងបញ្ចប់ការព្រួសស្រូវរដូវប្រាំង ឬស្រូវបណ្តេញទឹកដំណាក់កាលទីមួយ លើផ្ទៃដីទំហំ៩៨០ហិកតា ទន្ទឹមនឹងការថែទាំស្រូវជាប្រចាំ។
លោក គឹម ហេង នាយកប្រតិបត្តិក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ បានអះអាងបែបនេះនាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ ខណៈលោក និងក្រុមការងារបានចុះបាចជី ថែទាំស្រូវ ដែលនៅស្រែខ្លះមានអាយុ៥០ថ្ងៃ មកហើយនោះ ស្ថិតនៅតំបន់អភិវឌ្ឍន៍ដំណាំស្រូវ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
លោក គឹម ហេង បានបញ្ជាក់ថា ការព្រោះស្រូវពូជសែនក្រអូប ក្រុមហ៊ុនរបស់លោក បានដំណើរការបានជាង៨០០ហិកតារួចមកហើយ ក្នុងរយៈពេល២០ថ្ងៃទៀត ក្រុមហ៊ុននឹងបញ្ចប់ការព្រោះស្រូវលើផ្ទៃដីចំនួន៩៨០ហិកតា។
នៅថ្ងៃនេះ ក្រុមហ៊ុនបានបង្ហាញពីរបៀបបំប៉នជីម្តង ហើយក្រុមហ៊ុនបានបំប៉នស្រូវនៅស្រែមួយចំនួនដែលមានអាយុ៥០ថ្ងៃ។ នៅពេលស្រូវមានអាយុ៦៥ថ្ងៃ ក្រុមហ៊ុននឹងបំប៉នម្តងទៀត។
លោក គឹម ហេង បន្តថា ការធ្វើស្រូវឆ្នាំនេះក្រុមហ៊ុនរបស់លោក បានជួបប្រទះឧបសគ្គខ្លះៗ ដូចជា អាកាសធាតុត្រជាក់ខ្លាំងបានធ្វើឱ្យដើមស្រូវស្រពោន មិនសូវលូតលាស់ល្អ។ បន្ទាប់ពីអាកាសធាតុឡើងកម្តៅវិញ ក្រុមហ៊ុនបានបំប៉នជីតាមដំណាក់កាលដើម្បីឱ្យស្រូវលូតលាស់ឡើងវិញ។
លោក គឹម ហេង បន្ថែមថា ក្រុមហ៊ុនក៏បានផលិតពូជស្រូវសែនក្រអូបនេះ ដើម្បីយកទៅធ្វើនៅតំបន់អភិវឌ្ឍន៍មួយទៀតនិងលក់ជូនប្រជាពលរដ្ឋ។ ចំណែកទឹកសម្រាប់ផលិតស្រូវក្រុមហ៊ុន បានត្រៀមលើសពីតម្រូវការ និងសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ថែមទៀតផង។
លោកនាយកប្រតិបត្តិរូបនេះបន្តទៀតថា ក្រុមហ៊ុនបានបន្តពង្រីកការដាំដុះស្រូវសម្រាប់នាំចេញ ដើម្បីរួមចំណែកក្នុងការនាំចេញអង្ករតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា មួយលានតោនក្នុងមួយឆ្នាំ៕