(កណ្តាល)៖ បន្ទាប់ពីក្រុមកម្មករ-កម្មការិនី រោងចក្រហ្គាវ័ន្តអឹភែរឹល បាននាំគ្នាធ្វើកូដកម្មរហូតឈានដល់បិទផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទាមទារលក្ខខណ្ឌការងាររួចមក ខាងភាគីរោងចក្របានធ្វើការធ្វើលិខិតសុំអន្តរាគមន៍ ពីរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ចំពោះសហជីពស៊ីខៅឌូ (CCAWDU) និងបក្ខពួកដែលបានបិទទ្វារក្រុមហ៊ុនទាំងមុខ និងក្រោយមិនឲ្យកម្មករនិយោជិតចូលធ្វើការ។
លោកស្រី ឆា ក្យុងហ៊ី អាយុ៤៩ឆ្នាំ ជាជនជាតិកូរ៉េ និងជានាយិកាក្រុមហ៊ុនហ្គាវ័ន្តអឹភែរឹល បានបញ្ជាក់នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះថា កន្លងមកកម្មករ កម្មការិនីបាននាំធ្វើកូដកម្ម តាមរយៈការញុះញង់ របស់សហជីពស៊ីខៅឌូ ក្នុងនោះក្រុមហ៊ុន បានព្យាយាមដោះស្រាយតាមផ្លូវច្បាប់ និងបានអញ្ជើញមន្ត្រីជំនាញ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមកសម្របសម្រួល តែលទ្ធផលទទួលបានសះជា ហើយភាគីក្រុមហ៊ុនលោកស្រី បានបន្តទៅដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលបន្តទៀត។
លោកស្រីបន្តថា កម្មករនិយោជិត នៅតែមិនគោរពតាមការបញ្ជាឲ្យចូលធ្វើការវិញរបស់ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល យោងតាមលិខិតបញ្ជាឲ្យចូលធ្វើការវិញ លេខ០០៦/១៧កបអ. ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ហើយកម្មករនៅតែមិនព្រមចូលធ្វើការដដែល។ បន្ទាប់មកទៀត សាលាដំបូងខេត្តកណ្ដាល ក៏បានចេញដីកាសម្រេចរក្សាការពារ និងបានបញ្ជាឲ្យអាជ្ញាសាលា នៃសាលាដំបូងខេត្ត ចុះអនុវត្តដីកាសម្រេចរក្សាការពារនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដោយបញ្ជាឲ្យកម្មករនិយោជិតទាំងអស់ ចូលធ្វើការវិញជាបន្ទាន់ហើយ ចាត់ទុកការធ្វើកូដកម្មកន្លងមកជាកូដកម្មខុសច្បាប់។
បើតាមនាយិកាក្រុមហ៊ុននេះ ក្រុមហ៊ុនក៏បានចេញលិខិតជូនដំណឹង ជម្រាបដល់កម្មករនិយោជិតឲ្យចូលធ្វើការវិញ តាមដីកាខាងលើរបស់សាលាដំបូងខេត្តកណ្ដាល ក៏ប៉ុន្ដែកម្មករនិយោជិតនៅតែមិនព្រមអនុវត្តតាមដដែល។ មិនតែប៉ុណ្ណោះ សហជីពស៊ីខៅឌូ និងបក្ខពួក បានប្រព្រឹត្តនូវអំពើខុសច្បាប់ និងមិនគោរពទៅតាមដីការក្សាការពារ របស់សាលាដំបូងខេត្តកណ្ដាល ដោយបន្តញុះញង់ដឹកនាំ កម្មករនិយោជិតឲ្យបិទទ្វារច្រកចេញ ចូលក្រុមហ៊ុនទាំងមុខ និងក្រោយមិនឲ្យក្រុមហ៊ុនដឹកទំនិញ ចូល និងកម្មករដទៃទៀតចូលធ្វើការបាន។
លោកស្រី ឆា ក្យុងហ៊ី បន្តថាជាក់ស្ដែងក្រោយពីសាលាដំបូងខេត្តកណ្ដាល បានចេញដីកាសម្រេចរក្សាការពារ មានកម្មករនិយោជិតចូលធ្វើការវិញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ មានចំនួន៣៥៩នាក់, ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ មានចំនួន២៦១នាក់ ហើយនាថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ គឺខាងសហជីពស៊ីខៅឌូ បានរារាំងមិនឲ្យកម្មករចូលធ្វើការទាំងអស់ ដែលទង្វើបែបនេះបានបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ក្រុមហ៊ុនហ្គាវ័ន្ត មិនអាចដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួនបាន និងបន្តប៉ះពាល់ទៅដល់ការបិទរោងចក្រទាំងស្រុងតែម្ដង។
កត្តាទាំងអស់នេះ នាំឲ្យជះឥទ្ធិពលមិនល្អទៅដល់វិនិយោគិនដទៃទៀតដែល ចង់មកវិនិយោគលើវិស័យឧស្សាហកម្មកាត់ដេរនៅប្រទេសកម្ពុជា។ មួយវិញទៀត វាធ្វើឲ្យបាត់បង់នូវអត្ថប្រយោជន៍ផ្សេងៗ របស់កម្មករនិយោជិតទាំងអស់ស្របតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីខាងសហជីពបាននោះទេ៕