(ព្រះវិហារ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឃាត់ខ្លួននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ពីបទលួចរក្សាទុក ចែកចាយ សារធាតុញៀន ស្ថិតនៅចំណុចភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
កម្លាំងបានដកហូតបានថ្នាំញៀនសរុបចំនួន២៦កញ្ចប់ ក្នុងនោះ មានធំ២កញ្ចប់ រួមទាំង គ្រាប់ AK47 ចំនួន៦គ្រាប់ គ្រាប់ AK57 ចំនួន២៥០គ្រាប់ ដាវ១ដើម លុយខ្មែរចំនួន២២៥០០រៀល កាបូបដាក់លុយ១ ទូរសព្ទដៃ១គ្រឿង ដែកកេះ៤ សម្ភារសម្រាប់ជក់ និងវេចខ្ចប់មួយចំនួនធំថែមទៀតផងដែរ។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះវិហារ កម្លាំងកងអាវុធហត្ថស្រុកជាំក្សាន្តចំនួន៩នាក់ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត ក្រោមកាសម្របសម្រួលពីលោក សេ្រង ម៉េងស៊្រុន ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានឆ្មក់ចូលទៅបង្ក្រាបបានមុខសញ្ញាចែកចាយ និងរក្សាទុកសារធាតុញៀនបានម្នាក់ និងបានឆែកឆេលំនៅដ្ឋាន ដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមសថ្លា (ម៉ាទឹកកក) ចំនួន២៦កញ្ចប់។
លោកអនុសេនីយ៍ឯក បន្តថា ជនសង្ស័យដែលកម្លាំងឃាត់បានមានឈ្មោះ ម៉ន សាវីន អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានបញ្ជាក់ឲ្យដឹងផងដែរថា បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុក កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តទៅតាមនីតិវិធីនៃច្បាប់៕