(បាត់ដំបង)៖ លោក ហូ សុងរចនា អនុប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ចុះជួយស្រុកសំឡូត តំណាងលោក ស សុខា អនុប្រធានថ្នាក់កណ្តាលចុះជួយខេត្តបាត់ដំបង និងលោក ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារគណៈប្រតិភូស.ស.យ.ក ចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ និងនាំអំណោយរបស់លោក ស សុខា និងលោក ស រដ្ឋា ទៅចែកជូននគរបាលការពារព្រំដែនច្រកតំបន់៤០០។
ក្រៅពីនាំអំណោយជូនដល់នគរបាល លោក ហូ សុងរចនា ក្នុងពិធីនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ក៏បាននាំយកសង្ក័សីប្រគល់ជូន អនុវិទ្យាល័យវាលចម្បាំង ចែកអំណោយ ថវិកាដល់ពលរដ្ឋ១០គ្រួសារ និងចុះពិនិត្យមើលទីតាំងស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលនឹងគ្រោងសាងសង់នៅពេលខាងមុខ នៅស្រុកសំឡូត ខេត្តបាត់ដំបង។
ថ្លែងនៅក្នុងពិធីនោះ លោក ហូ សុងរចនា បាននាំនូវការសាកសួរសុខទុកពីសំណាក់លោក ស សុខា និងលោក ស រដ្ឋា ដែលបានគិតគូរចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ពលរដ្ឋ នៅស្រុកសំឡូត ក៏ដូចនៅខេត្តបាត់ដំបងទាំងមូលផងដែរ ដោយលោកបញ្ជាក់ថា អ្វីដែលសមាជិក សមាជិកាម្នាក់ៗរបស់ ស.ស.យ.ក បានចូលរួមផ្តល់ទៅកាន់សង្គមជាតិ ថ្វីត្បិតថាជាការរួមចំណែកដ៏តូចមួយ តែបានធ្វើដោយបេះដូង និងទឹកចិត្តដ៏ធំធេង និងបានផ្តល់ភាពជាគំរូ ក្តីសង្ឃឹមក្នុងចំណោមប្រជាជន និងយុវជនកម្ពុជា។
លោក ហូ សុងរចនា បានបញ្ជាក់ថា ថ្នាក់ដឹកនាំស.ស.យ.ក សង្ឃឹមយ៉ាងមុតមាំថាយុវជនទាំងអស់ នឹងចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ រួមចំណែកកិច្ចការងារអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើនក្រោមការដឹកនាំត្រឹមត្រូវរបស់រាជរដ្ឋាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕