(ភ្នំពេញ)៖ មានប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងចំនួន១៨នាក់ បានជិះរថយន្តតាក់ស៊ីឡើងមកសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចៅក្រមស៊ើបសួរលោក ពេជ្រ វិជ្ជាធរ បានកោះហៅប្រជាពលរដ្ឋម្នាក់ មកសាកសួរពីបញ្ហាទំនាស់ដីធ្លី ហើយលោកចៅក្រមសាកសួររហួតដល់យប់ម៉ោងជាង២០ កាលពីយប់ថ្ងៃ១៨ ខែមករា ឆ្នាំ២០១៨ ហើយបានអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតវិញ។
បុរសដែលលោកចៅក្រម ពេជ្រ វិជ្ជាធរ ហៅមកសាកសួរតាំងពីថ្ងៃ រហូតដល់យប់ថ្ងៃសុក្រនោះឈ្មោះ ជៀម ហៃ អាយុ៦៩ឆ្នាំ រស់នៅភូមិផ្សារលើ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ចំណែកប្រជាពលរដ្ឋចំនួន១៨នាក់ ដែលសុទ្ធតែជាអ្នករស់នៅក្បែរខាងគ្នាដឹងរឿងទំនាស់នោះ បារម្មណ៍ខ្លាចថា តុលាការរាជធានីភ្នំពេញចាប់ឃុំខ្លួនលោក ជៀម ហៃ នោះទើបនាំគ្នាជិះរថយន្តតាក់ស៊ី មកជួយគាំទ្រ ព្រោះថា ក្នុងរឿងក្ដីនេះលោកតា ជៀម ហៃ ជាជនរងគ្រោះ និងជាដើមបណ្ដឹងពីដំបូងឡើយ ហើយតុលាការ ក៏បានចោទប្រកាន់ និងចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ អៀ គុងម៉ុង ដែលជាគូទំនាស់រួចហើយ ប៉ុន្តែជននេះបានគេចខ្លួនរហូតដល់បច្ចុប្បន្ន។
ក្រោយមកឈ្មោះ អៀ គុងម៉ុង បានដាក់ពាក្យប្ដឹងលោក ជៀម ហៃ វិញស្រាប់តែ លោក សឿន មុន្នីរ័ត្ន បានចោទប្រកាន់លោក ជៀម ហៃ ហើយបញ្ជូនទៅឲ្យលោកចៅក្រម ពេជ្រ វិជ្ជាធរ ចាត់ការហៅលោកតាមកសួរ ដល់យប់ជ្រៅទើបឲ្យត្រឡប់ទៅវិញ។
ពាក់ព័ន្ធករណីនេះ មន្ត្រីតុលាការ ដែលចាត់ការរឿងក្ដីនេះ តាំងពីដំបូងទីបានឲ្យដឹងថា កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៦ លោក ជៀម ហៃ បានដាក់ពាក្យប្ដឹងឈ្មោះ អៀ គុងម៉ុង ពីបទលួចលក់ដី នៅខេត្តកំពង់ឆ្នាំង ហើយបណ្ដឹងនេះត្រូបានផ្ទេរសមត្ថកិច្ច មកសាលាដំបូងរាជធានីភ្នំពេញចាត់ការ។ ក្រោយមកលោក លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការបានសម្រេចចោទប្រកាន់ឈ្មោះ អៀ គុងម៉ុង ពីបទ «លួចលក់អចនវត្ថុអ្នកដទៃ» ហើយលោកចៅក្រម កោ វណ្ណឌី អនុប្រធានសាលាដំបូងរាជធានី បានចេញដីកាជាបន្តបន្ទាប់កោះហៅលោក អៀ គុងម៉ុង រហូតដល់ចេញដីកាចាប់ខ្លួនតែម្ដង។ សំណុំរឿងក៏មិនទាន់ដោះស្រាយចប់ដែរស្រាប់តែនៅថ្ងៃទី ១០សីហា ឆ្នាំ២០១៦ ឈ្មោះ អៀ គុងម៉ុង បានដាក់ពាក្យប្ដឹងលោក ជៀម ហៃ វិញពីបទ «រំលោភលើទំនុកចិត្ត និងបទមិនគោរពកិច្ចសន្យា» នៅសាលាដំបូងខេត្តកំពងឆ្នាំង តែរឿងក្ដីនេះបានផ្ទេរសមត្ថកិច្ចមកសាលាដំបូងរាជធានីភ្នំពេញចាត់ការទៀត។
សំណុំរឿងក្រោយនេះ ត្រូវបានលោកព្រះរាជអាជ្ញារង សឿន មុន្នីរ័ត្ន ទទួលចាត់ការ តែមិនបានកោះហៅគូទំនាស់មកសាកសួរអ្វីឡើយ ស្រាប់តែលោកព្រះរាជអាជ្ញា សម្រេចចោទប្រកាន់លោក ជៀម ហៃ ពីបទ «ឆបោក» ទៅវិញ ទើបរឿងនេះធ្លាក់ដល់ដៃលោកចៅក្រម ពេជ្រ វិជ្ជាធរ ហៅលោក ជៀម ហៃ មកសួរទាំងយប់។
ចំពោះដើមហេតុទំនាស់នេះមានដូចតទៅ កាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៥ លោក ជៀម ហៃ តំណាងឲ្យប្រជាពលរដ្ឋចំនួន១៤គ្រួសារ បានព្រមព្រៀងគ្នាលក់-ទិញ ដីមួយកន្លែងជាមួយឈ្មោះ លី ផេង តែម្នាក់គត់ និងបានទទួលប្រាក់កក់ពីឈ្មោះ លី ផេង តាមកិច្ចសន្យាកក់ប្រាក់។ លុះក្រោយមក ការអនុវត្តការប្រគលប្រាក់ឈ្មោះ លី ផេង បានប្រគល់សិទ្ធិឲ្យឈ្មោះ អៀ គុងម៉ុង មកប្រគល់ប្រាក់ចំនួន៥ម៉ឺនដុល្លារ តាមលិខិតប្រគល់ទទួលចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ លុះដល់ថ្ងៃបង់ប្រាក់បង្គ្រប់ ឈ្មោះ លី ផេង មិនមានប្រាក់មកបង្គ្រប់តាមកិច្ចសន្យាទេ ហើយបានសុំពន្យាពេលនៅចំពោះមុខអាជ្ញាធរភូមិ-ឃុំទៀតផង តាមលិខិតចុះថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០១៦ ជាមួយនិងម្ចាដ់ដីចំនួន១៤គ្រួសារ ហើយសន្យាប្រគល់ប្រាក់នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។
បន្ទាប់មក មិនទាន់ដល់ថ្ងៃប្រគល់ប្រាក់ឲ្យប្រជាជនទាំង១៤គ្រួសារផង ស្រាប់តែឈ្មោះ អៀ គុងម៉ុង តាំងខ្លួនជាអ្នកតំណាងឲ្យឈ្មោះ លី ផេង បានយកលិខិតមួយ ដែលមិនទាន់សរសេរអ្វីឡើយមកឲ្យលោក ជៀម ហៃ ផ្ដិតមេដៃ ហើយដោយយល់ថា ឈ្មោះ លី ផេង ធ្លាប់ប្រគល់សិទ្ធឲ្យ អៀ គុងម៉ុង ក្នុងការប្រគល់ប្រាក់ លោក ជៀម ហៃ ក៏ផ្ដិតមេដៃឲ្យលើក្រដាស់សមួយសន្លឹកនោះ។
ក្រោយមកឈ្មោះ អៀ គុងម៉ុង បានយកក្រដាស់នោះទៅបំពេញឈ្មោះខ្លួនឯង និងរត់ការបញ្ជាក់ពីភូមិឃុំ ហើយពុះជ្រៀកដីនោះលក់ឲ្យអ្នកដទៃ អស់ប្រមាណ៤០ភាគរយ ទើបម្ចាស់ដី និងលោក ជៀម ហៃ ដាក់ពាក្យប្ដឹងរហូតដល់តុលាការ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ អៀ គុងម៉ុង តែម្ដង ប៉ុន្តែលោកព្រះរាជអាជ្ញារង សឿន មុន្នីរ័ត្ន បានចោទប្រកាន់លោក ជៀម ហៃ ពីបទឆបោក ហើយបញ្ជូនសំណុំរឿងទៅឲ្យចៅក្រមស៊ើបសួរ ចាត់ការបន្តដោយមិនបានសិក្សា ពីអង្គហេតុទំនាស់ពីដំបូងឡើយ៕