(ភ្នំពេញ)៖ បុរសម្នាក់ជានិស្សិតសាលាច្បាប់ឆ្នាំទី៣ បានបើករថយន្ដវ៉ាជែងជាមួយរថយន្ដផ្សេងទៀត ក្នុងល្បឿនលឿនមិនប្រយ័ត្នបណ្ដាលឲ្យបុកក្មេងប្រុសម្នាក់ ដើរឆ្លងផ្លូវបុកស្លាប់ភ្លាមៗ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវបេតុងព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ។
ក្មេងប្រុសរងគ្រោះមានឈ្មោះ ម៉ុន ប៊ុនហេង អាយុ៩ឆ្នាំ មានទីលំនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រីឯជនបង្កឈ្មោះ ស៊ុយ សារ៉ាក់ អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៅសាលាភូមិន្ទនិតីសាស្ត្រ និងវិទ្យាសាស្ត្រសេចដ្ឋកិច្ច មានទីលំនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្ដកំពត។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ដែលពាក់ស្លាកលេខ2AQ-7081 បើកបរតែម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ក៏វ៉ាជាមួយរថយន្ដមួយគ្រឿងទៀត មិនចាំម៉ាកក៏ជ្រុលចង្កូតទៅបុកក្មេងប្រុស ដែលដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង។ ភ្លាមៗនោះម្ចាស់រថយន្ដបានចុះពីរថយន្ដរត់គេចខ្លួន ប៉ុន្ដែត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ព្រៃវែង ធ្វើការឃាត់ខ្លួនយកមកធ្វើការសាកសួរ។
បច្ចុប្បន្នជនបង្កត្រូវសមត្ថកិច្ច ប្រគល់ទាំងរថយន្ដទៅឲ្យកម្លាំងចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅតម្កល់វត្ដអង្គមេត្រី ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕