(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ប្រធានគណៈចលនាស្ត្រី នៃគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អនុប្រធានគណបក្ស និងជាអភិបាលខណ្ឌ បានចេញមកក្រើនរំឭកជាថ្មីម្ដងទៀត ដើម្បីឲ្យក្រុមយុវជនធ្វើការស្វែងយល់ឲ្យបានច្បាស់អំពី «បដិវត្តន៍ពណ៌» ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មិនអនុញ្ញាតឲ្យកើតមានជាដាច់ខាត ពីព្រោះ «បដិវត្តន៍ពណ៌» និងបង្កគ្រោះថ្នាក់ បំផ្លិចបំផ្លាញ ភាពខ្លោចផ្សារ សោកវិនាសកម្ម និងភាពខ្ទេចខ្ទាំ ដល់ប្រជាជន និងទីបំផុតបំផ្លាញប្រទេសជាតិ ឯងទាំងមូល។
លោកស្រី អាន ផល្លា បានក្រើនរំឭកយ៉ាងដូច្នេះ នៅពេលដឹកនាំលោក សា ហាំម៉ាត់ ប្រធានយុវជនបក្សសង្កាត់ច្រាំងចំរេះទី១ ដែលជាវាគ្មិនធ្វើបទបង្ហាញក្នុងអង្គពិធីស្តីពី «បដិវត្តព៌ណ» ជូនក្រុមយុវជន គណបក្សខណ្ឌ-សង្កាត់ ជិត៥០នាក់ និងឧបត្ថម្ភថវិកាមួយចំនួនជូនផងដែរ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅទីស្នាក់ការចលនាមហាជន ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោក សឹម សឹកគ្រីយ៉ា ប្រធានមន្ទីរបក្សខណ្ឌ លោកស្រី សំ ចាន់ សមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌ ក្រោយពីគណៈចលនាមហាជនខណ្ឌ បានរៀបចំធ្វើកម្មវិធី នៃបទបង្ហាញនេះ រួចរាល់ជាស្ថាពរ ចំនួន៦សង្កាត់មកហើយ នៅសល់តែសង្កាត់ស្វាយប៉ាក់មួយចុងក្រោយ ដែលនិងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ទី២៧ ខែមករា សប្តាហ៍ក្រោយ។
លោកស្រី អាន ផល្លា បានថ្លែងថា ប្រវត្តិសាស្ត្របានប្រាប់យើងច្បាស់ថា «បដិវត្តពណ៌» បានកំពុងបំផ្លិចបំផ្លាញប្រទេសមួយចំនួន ដោយផ្ដល់នូវភាពខ្លោចផ្សារ វិនាសកម្ម និងភាពខ្ទេចខ្ទាំពីបដិវត្តន៍ពណ៌នៅស្រស់ៗនៅឡើយ ហើយគ្មានអ្នកណាចេញមុខទទួលខុសត្រូវ ចំពោះសោកនាដកម្មនេះទេ បើទោះបី អ្នកណាក៏ដោយ តាមវិធីណាក៏ដោយ សុំកុំយកបដិវត្តន៍ពណ៌ដ៏ខ្មៅងងឹតនេះ មកសាបព្រួសនៅមាតុភូមិកម្ពុជាឲ្យសោះ ពីព្រោះប្រជាជនកម្ពុជា បានយល់ច្បាស់ណាស់អំពីតម្លៃ នៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងអំពើទុច្ចរិតរបស់អង្គការចាត់តាំងបដិវត្តន៍ពណ៌ ដែលឆក់ឱកាសក្នុងពេលបោះឆ្នោត ដើម្បីធ្វើបដិវត្តន៍ពណ៌បង្កគ្រោះថ្នាក់ និងទីបំផុតបំផ្លាញប្រទេសជាតិឯងទាំងមូល ទម្រាំបង្កើតបាននូវ «សន្តិភាព» ដែលមានតម្លៃដ៏ពិសិដ្ឋសម្រាប់ស្ថេរភាពជាតិ និងការអភិវឌ្ឍន៍កម្ពុជាដូចសព្វថ្ងៃនេះ៕