(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា បានថ្លែងជំរុញឲ្យសមាជិក សមាជិកាបក្សទាំងអស់ត្រួវរួមគ្នាប្រឹងប្រែងបម្រើការងារប្រជាពលរដ្ឋម្ចាស់ឆ្នោតទ្វេដង បើទោះពីមិនមានវត្តមានគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយត្រូវបានគេចាត់ទុកថាជាដៃគូប្រកួតប្រជែងដ៏ធំមួយរបស់គណបក្សប្រជាជនកម្ពុជានោះ។
នៅចំពោះមុខថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសរុបជាង ២ពាន់នាក់ក្នុងមហាសន្និបាតវិសាមញ្ញតំណាងបក្សទូទាំងប្រទេសនៅថ្ងៃទី២ នៃព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីមូលហេតុមួយចំនួន ដែលនាំឲ្យមានចំណាត់ការផ្លូវច្បាប់ចំពោះគណបក្សសង្គ្រោះជាតិ រហូតដល់ត្រូវរំលាយចោលតាមអំណាចតុលាការកំពូលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ និងមានការហាមឃាត់ថ្នាក់ដឹកនាំបក្ស ១១៨រូបមិនឲ្យធ្វើសកម្មភាពនយោបាយជាដើមនោះ។
បើតាមសម្តេចតេជោ ហ៊ុន សែន ការឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះគណបក្សប្រឆាំងមួយនេះ ក៏ព្រោះតែពួកគេបានព្យាយាមឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងទាញប្រទេសធ្លាក់ទៅក្នុងវិនាសកម្មដូចពីអតីតកាល។
បើទោះបីលែងមានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមការប្រកួតការបោះឆ្នោតយ៉ាងណាក្តី តែប្រមុខបក្សកាន់អំណាច និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក្នុងមហាសន្និបាតដាក់ចេញផែនការការងារសម្រាប់អនុវត្តន៍នៅឆ្នាំ២០១៨-២០២៣នេះ នៅតែបន្តក្រើនរំលឹក និងដាស់តឿនសមាជិក សមាជិកាទាំងអស់ប្រឹងប្រែងអស់កម្លាំងកាយចិត្ត ដើម្បីបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិ។
ប្រមុខបក្សប្រជាជនកម្ពុជា និងបានឈរក្នុងតំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៣៣ឆ្នាំរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះ «រឿងធំជាងគេត្រូវក្តាប់ឲ្យបាន យកស្មារតីនៅក្នុងសន្និបាតនេះ គឺជាស្មារតីធំជាងគេ មិនមែនទណ្ឌកម្ម ឬក៏ការកៀបសង្កត់អន្តរជាតិទេ គឺការកៀបសង្កត់ក្នុងចិត្តសាស្រ្តនៃមន្ត្រីបក្សយើងទាំងថ្នាក់លើ និងថ្នាក់ក្រោម យល់ថាដៃគូប្រកួតរលត់ហើយ លែងខិតខំ នេះជាជំងឺគ្រោះថ្នាក់ ហើយគ្រោះថ្នាក់តជំនាន់ទៅទៀត»។
ជាការកត់សម្គាល់ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ មានបរទេសជាច្រើនដូចជាអាមេរិក និងសហភាពអឺរ៉ុបផងដែរ គំរាមដាក់ទណ្ឌកម្មមកលើកម្ពុជា។ នៅចំពោះសមាជិក សមាជិការបស់ខ្លួនសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រាប់ពួកគេថា សារគំរាមដាក់ទណ្ឌកម្មរបស់បរទេសមិនបានធ្វើឲ្យសម្តេចព្រួយបារម្ភនោះឡើយ។
មិនព្រួយបារម្ភ ក៏ព្រោះកម្ពុជាធ្លាប់រងការដាក់ទណ្ឌកម្មរួចម្តងមកហើយនៅទសវត្សរ៍ឆ្នាំ៨០ រហូតដល់មុនពេលមានកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ តែកម្ពុជានៅតែអាចតស៊ូជម្នះបាន។ បើតាមសម្តេចតេជោ ហ៊ុន សែន បើប្រៀបធៀបស្ថានភាពពេលបច្ចុប្បន្ន ជាមួយទសវត្សរ៍ឆ្នាំ៨០ គឺខុសគ្នាឆ្ងាយណាស់។
ប្រមុខបក្សកាន់អំណាច និងបានធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៨៥មកនោះ បានលើកឡើងថា កាលពីទសវត្សរ៍ឆ្នាំ៨០ អាមេរិក អឺរ៉ុប ចិន ជប៉ុន រួមទាំងប្រទេសក្នុងតំបន់អាស៊ានផងដែរ បានរួមគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជា តែបច្ចុប្បន្នចិន ជប៉ុន អង់គ្លេស បារាំង និងបណ្តាប្រទេសក្នុងតំបន់មិនបានគំរាមដាក់ទណ្ឌកម្មមកលើកម្ពុជាឡើយ។
សម្តេចតេជោ ថែមទាំងបន្ថែមទៀត បើទោះបីសភាអឺរ៉ុប គំរាមដាក់ទណ្ឌកម្ម តែរដ្ឋាភិបាលអឺរ៉ុប ប្រកាន់គោលការណ៍កុងសង់ស៊ីស ដូច្នេះក៏មិនប្រាកដថាអាចអនុវត្តន៍ការដាក់ទណ្ឌកម្មមកលើកម្ពុជាបាននោះឡើយ៕