(ភ្នំពេញ)៖ បុរសវ័យជាង២០ឆ្នាំម្នាក់ ត្រូវបានឃាតកមិនស្គាល់អត្តសញ្ញាណ យកដំបងវាយសម្លាប់ ហើយអូសយកទៅចោលនៅក្បែររបងអ្នកភូមិ បង្កឲ្យមានការភ្ញាក់ផ្អើល ទាំងព្រឹកព្រលឹមនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរសជាជនរងគ្រោះ ដែលត្រូវឃាតកវាយសម្លាប់មានឈ្មោះ ម៉ៅ រតនៈ អាយុ២១ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិ សង្កាត់កើតហេតុ។
សមត្ថកិច្ចបន្តថា ជុំវិញករណីនេះ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្លាប់ផ្កាប់មុខ នឹងមានឈាមប្រឡាក់ពេញខ្លួន ហើយមានចំបង២កំណាត់ និងកងមួយគ្រឿង រួមទាំងពិលមួយផងដែលនៅក្បែរសាកសព ភ្លាមៗនោះប្រជាពលរដ្ឋក៏បានរាយការណ៍មកសមត្ថកិច្ច ដើម្បីចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ។
សមត្ថកិច្ចបន្តទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាមៗ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានដឹកនាំកម្លាំង ចុះដល់ទីតាំងកើតហេតុ ដោយសហការជាមួយមន្ត្រីជំនាញ ចុះធ្វើកោសល្យវិច្ច័យទៅលើកសាកសព ដើម្បីស្រាវជ្រាវតាមចាប់ឃាតករ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានប្រាប់ឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ច បាននាំខ្លួនបុរសម្នាក់យកទៅសួរនាំ ដោយសង្ស័យពាក់ព័ទ្ធទៅលើកអំពើឃាតកម្មវាយសម្លាប់បុរស រងគ្រោះ ប៉ុន្តែលោកមិនទាន់បញ្ជាក់ថា បុរសម្នាក់ដែលឃាត់យកមកសួរនាំនេះ ពិតជាឃាតកប្រាកដនៅឡើយទេ។
បើតាមស្ត្រីជាប្រពន្ធ បានរៀបរាប់ថា នៅយប់ថ្ងៃទី១៩ ម៉ោងជាង១០ ប្តីរបស់គាត់បានប្រាប់គាត់ថា ទៅយកពិលនៅផ្ទះ បងប្អូនក្បែរកន្លែងកើតហេតុ ហើយក៏បាត់រហូតដល់ព្រឹក ស្រាប់តែបងប្អូនមកប្រាប់ថា ប្តីរបស់ខ្លួនត្រូវបានគេវាយស្លាប់បាត់ហើយ៕