(ភ្នំពេញ)៖ ក្រោយទទួលបានបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការង និងជាស្នងការនគរបាល រាជធានីភ្នំពេញនោះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀន៤ទីតាំងផ្សេងគ្នា ដោយឃាត់បានជនសង្ស័យប្រុសស្រី១៥នាក់ និងដកហូតបានថ្នាំញៀនមួយចំនួន។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខេមករា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែមករាម្សិលមិញនេះ ដោយកម្លាំងប៉ុស្តិ៍ កម្លាំងផ្នែកគ្រឿងញៀន កម្លាំងផ្នែកសន្តិសុខ និងកម្លាំងអន្តរាគមន៍ពិសេស នៃអធិការនគរបាលខណ្ឌ។
បើតាមលោកអធិការ ទីតាំងទី១៖ ធ្វើឡើងនៅសង្កាត់កាកាបទី១, ទីតាំងទី២៖ ធ្វើឡើងនៅសង្កាត់កន្ទោក, ទីតាំងទី៣៖ ធ្វើឡើងនៅសង្កាត់កាកាបទី២ និងទីតាំងទី៤៖ ធ្វើឡើងនៅសង្កាត់កាកាបទី១ សរុបឃាត់ខ្លួនបានជនសង្ស័យចំនួន១៥នាក់ និងភេទទីបី៤នាក់ ដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ៩កញ្ចប់ ដាវចំនួន២ដើម កាំភ្លើងបាញ់ខ្យល់១ដើម និងវត្ថុតាងមួយចំនួនទៀត។
ក្រោយឃាត់ខ្លួនបច្ចុប្បន្នជនសង្ស័យទាំង១៥នាក់ រួមទាំងវត្ថុតាងកម្លាំងជំនាញផ្នែកគ្រឿងញៀន នៃអធិការរដ្ឋាន ខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងចាត់តាមផ្លូវច្បាប់៕