(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម ពេញមួយថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការដោយបង្ក្រាបក្រុមជនសង្ស័យពាក់ព័ន្ធ ករណីគ្រឿងញៀនបាន១២នាក់ នៅ២ទីតាំងផ្សេងគ្នា ក្នុងស្រុកស្រីសន្ធរ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការដំបូងធ្វើឡើង នៅចំណុចវត្តស្វាយតានង់ ភូមិស្វាយតានង់ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ដោយកម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រីសន្ធរ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ដោយចាប់បានជនសង្ស័យ៧នាក់។
ជនសង្ស័យទី១៖ ឈ្មោះ យ៉ា យូសុះ អាយុ៣៣ឆ្នាំ, ទី២៖ ឈ្មោះ អា រ៉ូហ្វឺត អាយុ៣០ឆ្នាំ, ទី៣៖ ឈ្មោះ រ៉ូ សាលី អាយុ២៥ឆ្នាំ, ទី៤៖ ឈ្មោះ ញ៉ា ហ្វាហ្សី អាយុ២៤ឆ្នាំ, ទី៥៖ ឈ្មោះ លាស់ ម៉ាអាត អាយុ៣៥ឆ្នាំ, ទី៦៖ ឈ្មោះ លន់ វុទ្ធី អាយុ២១ឆ្នាំ, ទី៧៖ឈ្មោះ ថា ណាចារ អាយុ១៩ឆ្នាំ ក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌ស០២កញ្ចប់ ទូរស័ព្ទដៃ០៥គ្រឿង និងម៉ូតូ០៤គ្រឿង។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការទី២នៅភូមិស្វាយក្រោម ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ដោយចាប់បានជនសង្ស័យ៥នាក់។
ក្នុងនោះជនសង្ស័យទី១៖ ឈ្មោះ សែម សុខឡេង អាយុ២៨ឆ្នាំ, ទី២៖ ឈ្មោះ ហួត វ៉ាន់ឌី អាយុ១៦ឆ្នាំ, ទី៣៖ ឈ្មោះ យ៉ុន ផាន់ណា, ទី៤៖ ឈ្មោះ កាន ផល្លា និងទី៥៖ ឈ្មោះ ឌីម ផល្លី ដោយដកហូតបាន ម្សៅក្រាមពណ៌ស ទូរស័ព្ទដៃ០៣គ្រឿង និងម៉ូតូ០២គ្រឿង។ ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង១២នាក់នេះ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕