(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃ ០៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ បានបន្តចូលរួមកិច្ចប្រជុំ «មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា» នៅកោះពេជ្រនោះ, បើទោះមមាញឹកនឹងកិច្ចប្រជុំនេះក្តី សម្តេចតេជោ ក៏មិនភ្លេចនូវការនឹករលឹកដល់បងប្អូនជនរួមជាតិខ្មែរ គ្រប់ទីកន្លែងនោះទេ ទោះនៅក្នុងប្រទេស ឬក្រៅប្រទេសក្តី។

ក្រៅពីបង្ហាញនូវក្តីនឹករលឹក ដល់បងប្អូនជនរួមជាតិខ្មែរហើយនោះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិការគណបក្សប្រជាជនទូទាំងប្រទេស និងបងប្អូនជនរួមជាតិដែលស្រឡាញ់ រាប់អានសម្តេច ដែលតែងតែគាំទ្រ នឹងបោះឆ្នោតជូនគណបក្សប្រជាជនឈ្នះគ្រប់ៗអាណត្តិផងដែរ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា នៅថ្ងៃចុងសប្តាហ៍ និងអំពាវនាវដល់បងប្អូនសូមបើកបរគោរពច្បាប់ចរាចរណ៍ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

នៅពេលនេះខ្ញុំកំពុងចូលរួមកិច្ចប្រជុំ «មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា» ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ០៣-០៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០១៨ នៅកោះពេជ្រ ដែលនេះគឺជាថ្ងៃទី២ហើយ។ ទោះបីខ្ញុំកំពុង រវល់ មមារញឹកក្នុងកិច្ចការតូចធំអ្វីក៏ដោយ គឺខ្ញុំនឹករឮកមកបងប្អូនជនរួមជាតិគ្រប់ទីកន្លែង។

អរគុណ សមាជិកសមាជិការគណបក្សប្រជាជនទូទាំងប្រទេស និងបងប្អូនជនរួមជាតិដែលស្រឡាញ់ រាប់អានរូបខ្ញុំ ដែលតែងតែគាំទ្រ នឹងបោះឆ្នោតអោយគណបក្សប្រជាជនគ្រប់ៗអាណត្តិ។

សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នានៅថ្ងៃសម្រាកចុងសប្តាហ៍ និងសូមបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាគ្រប់ទីកន្លែង»៕