(ភ្នំពេញ)៖ ក្រុមហ៊ុនអ៊ីនធឺណិត ឈានមុខនៅកម្ពុជា EZECOM បានបោះជំហានកាន់តែអស្ចារ្យបន្ថែមទៀតហើយ ដោយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ បានចាប់ដៃគូជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ពិភពលោក គឺ Microsoft ក្នុងការចែកចាយកម្មវិធី OFFICE 365 នៅកម្ពុជា។
ក្នុងឱកាសសម្ពោធភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរនេះ លោក Paul Blanche-Horgan អគ្គនាយកក្រុមហ៊ុន EZECOM បានថ្លែងថា «EZECOM និងMicrosoft រួមគ្នាលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្ដិការនៃសហគ្រាសទាំងតូចទាំងធំនៅកម្ពុជាឲ្យកាន់តែប្រសើរ ពិសេសផ្ដល់នូវសេវាថ្មីមួយនេះដល់អតិថិជន ក៏ដូចជាធានាថា អតិថិជនទទួលបានព័ត៌មានគ្រប់គ្រាន់ ក្នុងការទាញយកអត្ថប្រយោជន៍ពេញលេញបំផុត ពីសេវាកម្មដ៏ល្អឥតខ្ចោះនេះ»។
លោកស្រី Rena Chai អគ្គនាយក្រុមហ៊ុន Microsoft បានថ្លែងថា «Office 365 ជាបណ្ដុំកម្មវិធីការិយាល័យសំបូរបែប រួមមាន Word, Excel និងPowerPoint ជាដើម ដោយមានភាពបត់បែន និងចល័តភាពខ្ពស់ ប្រើប្រាស់យ៉ាងងាយស្រួលតាមស្មានហ្វូន អាចចែករំលែក និងរក្សាទុកឯកសារយ៉ាងងាយស្រួល និងមានសុវត្ថិភាពលើបណ្ដាញ Cloud មានប្រព័ន្ធអ៊ីមែលថ្មី មុខងារផ្ញើសារនិងអាចឆ្លងឆ្លើយតាមវីដេអូខលតាមកម្រិតHD ជាមួយនឹងក្រុមការងារ និងអតិថិជន។បណ្ដុំកម្មវិធីទាំងមូលនេះ មានមូលដ្ឋានលើបណ្ដាញ Cloud ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទំនាក់ទំនង បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ដែលមានសេវាអ៊ីនធឺណិត តាមរយៈកម្មវិធីផ្សេងៗដូចជា Skype for Business និងMicrosoft Teams ជាដើម។
លោកស្រី Rena Chai បន្ដថា «ដូចនេះក្នុងការជ្រើសរើសក្រុមហ៊ុន EZECOM ជាដៃគូ Cloud Solutions Partner ដំបូងគេបង្អស់នៅកម្ពុជា គឺជាការសម្រេចគោលដៅដ៏សំខាន់ របស់ក្រុមហ៊ុនយើង ក្នុងទីផ្សារមួយនេះ។ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់យើង ក្នុងការលើកម្ពស់សមត្ថភាពមនុស្ស និងស្ថាប័នទាំងអស់លើពិភពលោក ចាំបាច់ត្រូវការដៃគូល្អៗ ដែលដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយទៅដល់អតិថិជន ជាមួយនឹងជំនាញយូរឆ្នាំ និងមានវត្ដមានរឹងមាំនៅកម្ពុជា យើងជឿជាក់ថា ក្រុមហ៊ុន EZECOM នឹងអាចជួយអតិថិជនឲ្យទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការប្រើប្រាស់កម្មវិធី OFFICE 365 នេះ» ។
សម្រាប់រាល់អ្នកប្រើប្រាស់ម្នាក់ៗ គាត់នឹងទទួលបានទំហំធំរហូតដល់ទៅ ១តេរ៉ាបៃត៍(TB) សម្រាប់រក្សាទុក និងចែករំលែកឯកសារនៅលើអ៊ីនធឺណិត ហើយរាល់ឯកសារនឹងត្រូវបានការពារយ៉ាងមានសុវត្ថិភាព ដោយបច្ចេកវិទ្យាចុងក្រោយ ពីក្រុមហ៊ុន Microsoft និងអាចស្ដារមកវិញបានងាយស្រួល៕