(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ យិន គារ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ តាមរយៈអង្គភាព Fresh News នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ បានច្រានចោលការចោទប្រកាន់នៅលើ Facebook ពីសំណាក់គណនីឈ្មោះ «Ty Chamroeunkosal» ដែលបានលើកឡើងថា លោកបានប្រើប្រាស់អំណាច បើករថយន្ដតាមផ្លូវសាធារណៈ។
លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បានសុំឲ្យអង្គភាព Fresh News ជួយចុះផ្សាយថា ការចោទប្រកាន់នៅលើ Facebook នោះគឺខុសពីការពិតទាំងស្រុង ពោលគឺហេតុការណ៍នោះកើតឡើងតាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨មកម្ល៉េះ ប៉ុន្ដែម្ចាស់គណនីខាងលើទើបតែយកមកចែកចាយនៅថ្ងៃនេះ ធ្វើឲ្យសាធារណៈជនមានការភ័ន្ដច្រឡំ។
បើតាមលោក យិន គារ ក្នុងហេតុការណ៍នោះ លោកមិនបានស្ថិតនៅក្នុងរថយន្ដនោះទេ ដោយនៅក្នុងរថយន្ដនោះមាន កូនប្រុសរបស់លោកដែលជាអ្នកបើកបរ, ប្រពន្ធរបស់លោក និងចៅតូច សរុប៥នាក់ ហើយការចោទប្រកាន់បែបនេះ គឺជាការទម្លាក់កំហុសមកលើរូបលោកទាំងស្រុង ដោយមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពច្បាប់នោះទេ។
ពាក់ព័ន្ធករណីនេះដែរ លោកឧត្តមសេនីយ៍ទោ យិន គារ ប្តឹងទៅស្ថាប័នតុលាការចំពោះការចោទប្រកាន់ពីសំណាក់គណនី Facebook ឈ្មោះ «Ty Chamroeunkosal» ពីបទបង្ខូចកេរ្តិ៍ឈ្មោះស្ថាប័នរដ្ឋ និងកិត្តិយសថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
យ៉ាងណាមិញ នៅយប់ល្ងាចថ្ងៃទី១៩ ខែមករានេះដែរ គណនីឈ្មោះ «Ty Chamroeunkosal» បានលុបវីដេអូដែលខ្លួនបានបង្ហោះនោះចេញវិញ ដោយបាននិយាយថា មានការចរចារគ្នារវាងភាគីទាំងសងខាង ប៉ុន្ដែខាងភាគីលោក យិន គារ អះអាងថា លោកមិនបានទៅចរចារអ្វីជាមួយភាគី គណនីឈ្មោះ «Ty Chamroeunkosal» នោះទេ៕