(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៩៥១គ្រឿង រកឃើញល្មើសច្បាប់៨២០គ្រឿង (ម៉ូតូ៨៥ភាគរយ) អប់រំ២៨១គ្រឿង និងផាកពិន័យ៥៣៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៩ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,៥៥៩គ្រឿង អប់រំ៤០គ្រឿង និងផាកពិន័យចំនួន៤៤៤គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៨៣៤គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០៣,១១០គ្រឿង រកឃើញយានយន្តល្មើស ១៧,៨៦១គ្រឿង (ម៉ូតូ៨៤ភាគរយ) ក្នុងនោះអប់រំ ៦,០១១គ្រឿង និងផាកពិន័យ ១១,៨៥០គ្រឿង (ម៉ូតូ៩៣ភាគរយ)៕