(បន្ទាយមានជ័យ)៖ ជនសង្ស័យជួញដូរ និងចែកចាយថ្នាំញៀន២នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែន ប៉ុស្តិ៍អូរជ្រៅវរ៨៩១ ឃាត់ខ្លួនបញ្ជូនទៅតុលាការ និងដកហូតវត្ថុតាងគ្រឿងញៀនចំនួន ៤ថងតូច ដែលស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែង នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងនាថ្ងៃទី១៩ ខែមករានេះថា ជនសង្ស័យដែលពាក់ព័ន្ធ និងករណីជួញដូរគ្រឿងញៀនខាងលើ ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៥៖០០នាទីល្ងាច ថ្ងៃ១៨ ខែមករា ឆ្នាំ២០១៨ ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជនសង្ស័យមានឈ្មោះ ឡី ឡូញ ស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត និងទី២ឈ្មោះ ផុន ភីន ស្នាក់នៅភូមិក្បាលស្ពានពីរ សង្កាត់/ក្រុងប៉ោយប៉ែត។
លោកអធិការបន្តថា ក្រោយពេលឃាត់ខ្លួនរួច សមត្ថកិច្ចរកឃើញវត្ថុតាងជាច្រើនរួមមាន៖ គ្រឿងញៀនមេតំហ្វេតាមីនអាយចំនួន ៣កូនថង់តូច និង១កូនថង់ធំ ដែកកេះចំនួន ៧ដើមទូរសព្ទ័ចំនួន ៤គ្រឿង បំពង់កែវឡតចំនួន២ ប្រដាប់កៀរថ្នាំចំនួន២ ការបូបចំនួន៤ បំពង់បឺតមួយចំនួន ពិលបត់ចំនួន១ កន្ត្រៃច្រិបចំនួន១ ស្កុតចំនួន១ដុំ ថង់មាត់កឹបសំរាប់ច្រកថ្នាំញៀងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់តាមនិតិវិធីច្បាប់៕