(ភ្នំពេញ)៖ រំលងបានត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ក្រុមឃាតកដែលបានកាប់សម្លាប់បុរសម្នាក់ យ៉ាងសាហាវព្រៃផ្សៃ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវបានកម្លាំងកងរាជអាវុធហត្ថតាមប្រមាញ់ ដោយចាប់ក្រុមឃាតកបាន៣នាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ នៅសង្កាត់​ផ្សារដើមគរ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ។

ប្រតិបត្តិការក្ដៅគគុកនេះ ត្រូវបានធ្វើឡើងក្រោមការណែនាំពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​បាត់ដំបង ដោយកម្លាំងការិយាល័យ​ព្រហ្មទណ្ឌកងរាជអាវុធហត្ថ​ខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​កម្លាំងកងរាជអាវុធហត្ថរាជធានី​ភ្នំពេញ។

មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា ​ក្រុមឃាតកដែលចាប់បាន៣នាក់នោះ ទី១៖ ឈ្មោះ ជីប ធឺន ហៅ​ជៀប ធឿន ​អាយុ​២២​ឆ្នាំ, ទី២៖ ឈ្មោះ សាយ សឹង្ហ អាយុ​១៨​ឆ្នាំ និងទី៣៖ ឈ្មោះ វង្ស វី ​​អាយុ​១៨​ឆ្នាំ។

លោកឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ បានបញ្ជាក់ថា តាមចម្លើយឆ្លើយសារភាពរបស់ជនល្មើស មូលហេតុដែលពួកគេ​កាប់ទៅលើជនរងគ្រោះ គឺមកពីជនរងគ្រោះជិះម៉ូតូសម្លឹងមើលមុខបក្ខពួកខ្លួន ហើយជនរងគ្រោះបានចុះមកវាយពួកខ្លួនមុន ទើបពួកខ្លួនវាយ និងកាប់ជនរងគ្រោះបណ្តាល​របួសធ្ងន់រហូតដល់​​ស្លាប់តែម្តង។

សូមរំលឹកថា នៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅភូមិ​រាមគន់ ឃុំ​គារ ​ស្រុក​មោងឬស្សី ខេត្ដ​បាត់ដំបង មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនល្មើសមិនស្គាល់សាវតាមួយក្រុម ដែលមានគ្នាចាប់ពី​៥​នាក់ ទៅ​៧​នាក់ ប្រដាប់ដោយដាវសាំម៉ារ៉ៃ, កាំបិតប៉័ងតោ, កាំបិតខ្វែវ និង​ចបជីកដងដែក បានធ្វើសកម្មភាពវាយ និង​កាប់ទៅលើដៃគូទំនាស់មួយក្រុមផ្សេងទៀតដែលមានគ្នា​៥​នាក់ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ណែម ភា អាយុ​២៧​ឆ្នាំ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ និង​០២​នាក់ផ្សេងទៀតរងរបួស​៕