(ភ្នំពេញ)៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ ខេត្តសៀមរាប ឆ្នាំ២០១៨ ឬព្រឹត្តិការណ៍ Angkor Ultra Trail 2018 លើកទី៣ ដែលជាព្រឹត្តិការណ៍កីឡាបែបទេសចរណ៍រត់ផ្សងព្រេងចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ នៅតំបន់អង្គរ នឹងចាប់ផ្ដើមនាព្រលប់ថ្ងៃទី១៩ ខែមករានេះហើយ ដោយមានកីឡាករ-កីឡាការិនីចូលរួមរត់ជាង ៨០០នាក់ ក្នុងនោះមានបរទេស ៧៧៥នាក់ មកពី៤១ប្រទេសលើពិភពលោក។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ព្រឹត្តិការណ៍រៀបចំឡើង ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន Phoenix Voyage នេះ នឹងចាប់ផ្ដើមចេញដំណើររត់ពីមុខទីលានព្រជល់ដំរី នៅខ្ទង់ម៉ោង ៧យប់នេះ សម្រាប់វិញ្ញាសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់នៅល្ងាចថ្ងៃទី២០ ខែមករាស្អែក។ ហេតុនេះកីឡាករ-កីឡាការិនីម្នាក់ៗ អាចចំណាយពេលវេលាប្រមាណ ២៤ម៉ោង ដើម្បីរត់កាត់វាលស្រែ ផ្លូវលំ ផ្លូវព្រៃជុំវិញតំបន់អង្គរ និងតំបន់អង្គរ ដោយគ្មានការឈប់សម្រាកឡើយ។
ចំពោះការរត់ចម្ងាយឆ្ងាយលើកទី៣ លើទឹកដីអង្គរនេះ គឺមានកំណើនអ្នកចូលរួមច្រើនរហូតដល់ទៅជាង ៨០០នាក់ ពោលគឺច្រើនជាងកាលពីឆ្នាំ២០១៧ ដែលមានអ្នកចូលរួមត្រឹមជាង ៥០០នាក់ប៉ុណ្ណោះ គ្រាដែលឆ្នាំនេះ អ្នកចូលរួមច្រើនជាងគេ គឺកីឡាករ-កីឡាការិនីបារាំងឈរលេខ១ វៀតណាមលេខ២ និងអង់គ្លេសលេខ៣។ ប៉ុន្ដែបន្ថែមលើការចូលរួមរត់ អត្តពលិកម្នាក់ៗ ក៏មានគ្រួសារសាច់ញាតិ និងមិត្តភ័ក្រ្តអមដំណើរជាច្រើនរយនាក់ផងដែរ ដែលជួយជំរុញឲ្យមានកំណើនទេសចរណ៍ និងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ។ លោក វ៉ាត់ ចំរើន បន្ថែម។
លោកបញ្ជាក់ថា «ការរៀបចំព្រឹត្តិការណ៍កីឡាបែបទេសចរណ៍នេះដែរ គឺផ្ដោតលើគោលបំណងសំខាន់ៗជាច្រើន «គោលដៅទី១ គឺផ្សព្វផ្សាយឲ្យបណ្ដាប្រទេសលើពិភពលោក ពិសេសភ្ញៀវទេសចរជាង ៤១ប្រទេសចូលរួម បានដឹងពីស្ថេរភាព សន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្សព្វផ្សាយ និងចូលរួមថែរក្សាគោលដៅទេសចរណ៍ប្រវត្ដិសាស្ដ្ររបស់កម្ពុជា គឺតំបន់អង្គរ ខេត្តសៀមរាប។ ទី២ គឺការរួមចំណែកស្វែងរកមូលនិធិសម្រាប់ជួយដល់ការងារមនុស្សធម៌តាមអង្គការ និងមន្ទីរពេទ្យមួយចំនួន និងទី៣ គឺការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនផងដែរ»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំ២០១៨ គឺបែងចែកជា ៤វិញ្ញាសាសម្រាប់រត់ដូច ២ឆ្នាំកន្លងទៅដែរ រួមមានវិញ្ញសារត់ចម្ងាយ ១២៨គីឡូម៉ែត្រ, រត់ចម្ងាយ ៦៤គីឡូម៉ែត្រ, រត់ចម្ងាយ ៤២គីឡូម៉ែត្រ និងការដើរឈើច្រត់ចម្ងាយ ១៨គីឡូម៉ែត្រ ដែលនឹងត្រូវចេញដំណើរជាបន្ដបន្ទាប់។ ជាមួយគ្នាដែរ លោក វ៉ាត់ ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅតំបន់អង្គរចូលរួមអបអរសាទរ ការរត់របស់កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ដើម្បីជំរុញព្រឹត្តិការណ៍មួយនេះ ឲ្យកាន់តែទទួលបានជោគជ័យទៀតផង៕