(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងថា មានជនខិលខូចបន្លំយកឈ្មោះថ្នាក់ដឹកនាំក្រសួង ទាក់ទងទៅប្រធានមន្ទីរមួយចំនួនតាមទូរស័ព្ទ ដើម្បីសាកសួរព័ត៌មានផ្សេងៗ ក្នុងគោលដៅយកប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន ដែលទង្វើនេះ គឺជាបទល្មើសឆបោក។
សេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅល្ងាចនេះ ក្រសួងសេដ្ឋកិច្ច ក៏បានប្រកាសពីលេខទូរស័ព្ទ Hotline របស់ក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន គឺ ០១១ ៤៨០ ៧៧៧ ដើម្បីងាយស្រួលដល់អ្នកដែលជួបនូវហេតុការណ៍នេះ រាយការណ៍ជូនភ្លាមៗ និងដើម្បីឲ្យក្រុមការងារបញ្ជូនដំណឹងបន្ដទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការស៊ើបអង្កេតតាមច្បាប់។
បន្ថែមពីនេះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានអំពាវនាវដល់លោក លោកស្រី ប្រធានមន្ទីរ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ និងសូមជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់បុគ្គលិកមន្ដ្រីរាជការក្រោមឱវាទរបស់ខ្លួនពីព័ត៌មាននេះ៕