(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋក្នុងស្រុកក្រគរប្រមាណ ១០០គ្រួសារ ដែលធ្លាប់មានបញ្ហាដីធ្លីនោះទីបំផុតត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ដីឲ្យសម្រាប់រស់នៅ និងបង្កបង្កើនផល ហើយត្រូវបានអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ចុះទៅផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនផងដែរ។
ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ មកពីភូមិក្រឡាញ់ ឃុំក្បាលត្រាច ចំនួន៨៩គ្រួសារ ស្មើនឹង ៩៣ក្បាលដី និងមកពីឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន២៦គ្រួសារ ស្មើនឹង ២៦ក្បាលដី។
លោក ម៉ៅ ធនិន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន បានចារឯកភាពឲ្យជំនាញចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋខាងលើ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ។
លោកអភិបាលខេត្ត បានបញ្ជាក់យ៉ាងដូច្នេះ «យើងទទួលបានដីកម្មសិទ្ធិនាពេលនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ និងក្រុមការងារ គ្រប់ជាន់ថ្នាក់»។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៨៩គ្រួសារ ស្មើនឹង៩៣ក្បាលដី ក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ កន្លងមកតាមការអនុវត្តគោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ត្រូវបានក្រុមបច្ចេកទេសវាស់វែងដីធ្លី និងក្រុមយុវជនស្ម័គ្រចិត្ត បានចុះធ្វើការវាស់វែងដីធ្លី ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិជូនក្នុងឆ្នាំ២០១២។ ប៉ុន្តែដោយមានការយល់ច្រឡំលើការវាយតម្លៃ ដោយក្រុមការងារត្រួតពិនិត្យគុណភាព បង្កើតឡើងដោយខេត្តទើបជំរុញឲ្យអាជ្ញាធរស្រុក ចេញលិខិតស្នើសុំពន្យារការចេញប័ណ្ណកម្មសិទ្ធិជូន ព្រោះយល់ថាទីតាំងដីនោះ ជាដីព្រៃ និងមានបញ្ហាព្រំប្រទល់ដី ជាមួយនឹងក្រុមហ៊ុន រតនាវិសាល និងក្រុមហ៊ុនភាពីម៉ិច។
ដោយពិនិត្យឃើញថាមានការយល់ច្រឡំដូច្នេះមែន ទើបក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ក្នុងអំឡុងឆ្នាំ២០១៣ ពុំអាចផ្តល់ជូនបាន។
ចំពោះប្រជាពលរដ្ឋចំនួន ៣៧គ្រួសារ ទាមទារសុំកាន់កាប់ដីមួយចំណែក ក្នុងដីព្រៃសហគមន៍ឃុំអន្លង់ត្នោត ដែលមានចំនួន៤០០ហិកតា បង្កើតតាម សជណ លេខ២៨៩ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១១នោះ ក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក បានចាត់តាំងក្រុមការជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការវាយតម្លៃ និងកំណត់ព្រំប្រទល់ដីអាស្រ័យផល ហើយបានរកឃើញថា មានប្រជាពលរដ្ឋ២៦គ្រួសារ ស្មើនឹង ២៦ក្បាលដី បានអាស្រ័យផលជាក់ស្តែងតាំងពីមុនបង្កើតដីសហគមន៍ឃុំអន្លង់ត្នោតមកម៉្លេះ បើគិតជាផ្ទៃដីសរុបប្រមាណ៦៤,៧១ហិកតា៕