(ភ្នំពេញ)៖ ម្ចាស់បណ្ដឹងរឿងលុយបុណ្យសព លោកបណ្ឌិត កែម ឡី គឺលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ បានលើកឡើងថា ជនរងគ្រោះកំពុងតែទទួលបានភាពយុត្តិធម៌ ក្រោយតុលាការសម្រេចចោទប្រកាន់ ព្រះសង្ឃ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀង និងលោក មឿន តុលា ពីបទរំលោភលើទំនុកចិត្ត។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា ការសម្រេចរបស់តុលាការនេះ គឺធ្វើឡើងឈរលើគោលការស្មើរភាព ដើម្បីឲ្យជនរងគ្រោះទទួលបាននូវភាពយុត្តិធម៌ ហើយតុលាការបានរកឃើញតម្រុយប្រពឹត្តបទល្មើសរបស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀង និងលោក មឿន តុលា ដែលជាអតីតអ្នកដឹកនាំការងារបុណ្យសព លោកបណ្ឌិត កែម ឡី។
នៅលើទំព័រ Facebook ផ្លូវការ ប្រធានគណបក្សវ័យក្មេងរូបនេះ បានសរសេរយ៉ាងដូច្នេះថា «តុលាការបានព្យាយាមដោះស្រាយបណ្តឹងជូនជនរងគ្រោះ ដោយឈរលើគោលការស្មើរភាព ដើម្បីឲ្យជនរងគ្រោះទទួលបាននូវភាពយុត្តិធម៌ ហើយខណៈនេះដែរខាងជនរងគ្រោះកំពុងតែទទួលបាននូវយុត្តិធម៌
ពីតុលាការហើយ ក្រោយពីតុលាការបានរកឃើញអំពីតម្រុយប្រពឹត្តបទល្មើសរបស់ជនទាំងបីនោះ ដែលជាអតីតអ្នកដឹកនាំការងារបុណ្យសពលោកបណ្ឌិត កែម ឡី»។
សូមជម្រាបថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានសម្រេចចោទប្រកាន់ព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា អតីតអ្នកកាន់មូលនិធិបុណ្យសព លោក កែម ឡី ពីបទ «រំលោភទំនុកចិត្ត» តាមមាត្រា ៣៩១ និង ៣៩២ នៃក្រមព្រហ្មទណ្ឌ។
ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់លោក គុជ គឹមឡុង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យសំណុំរឿង និងភស្តុតាងដែលបានដាក់ដោយ លោក ពេជ្រ ស្រស់ លោកក៏បានសម្រេចចោទប្រកាន់បុគ្គលទាំង ៣អង្គ/រូបនេះ ពីបទរំលោភលើទំនុកចិត្ត ហើយក៏បានបញ្ជូនសំណុំរឿងទៅកាន់ ចៅក្រមស៊ើបសួរផងដែរ។
នៅក្នុងដីកាសន្និដ្ឋានរបស់លោក គុជ គឹមឡុង បានគូសបញ្ជាក់ថា ព្រះតេជគុណ ប៊ុន ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ និងក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការ ឬ បញ្ចប់បទល្មើសកុំឲ្យកើតមានជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី៕