(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រតិកម្មចំពោះអនុប្រធានអង្គការសិទ្ធិមនុស្ស Human Rights watch លោក Phil Robertson ដែលបានស្នើឲ្យតុលាការកាត់ទោសលោក ពាក់ព័ន្ធការដាក់ពាក្យបណ្ដឹងរឿងបាត់បច្ច័យបុណ្យសព លោក កែម ឡី រហូតដល់តុលាការចេញដីកា បង្គាប់ឲ្យចាប់ខ្លួន សមាជិកគណៈកម្មការបុណ្យចំនួន៣រូប។
លោក ពេជ្រ ស្រស់ បានលើកឡើងទៀតថា ការស្នើរបស់លោក Phil Robertson ដែលជាជនបរទេសនោះ ជាការរំលោភសិទ្ធិមនុស្សឆ្លងទ្វីបហើយ ព្រោះការស្នើនេះមានលក្ខណៈញុះញង់ និងបំបែកបំបាក់។
បើតាមប្រធានគណបក្សយុវជនកម្ពុជា លោក Phil Robertson គួរតែបិទអង្គការ Human Rights watch ចោលទៅព្រោះលោកមិនសមធ្វើជាមនុស្សពត់តម្រង់ ឲ្យមនុស្សគោរពសិទ្ធិមនុស្សនោះទេ ដោយហេតុថាលោកបានធ្វើការចោទប្រកាន់ទាំងមិនបានដឹងអំពីស្ថានភាពច្បាស់លាស់។
តាមរយៈ Facebook ផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះថា «លោក Phil Robertson គួរតែបិទអង្គការស្អីគេ Human Rights watch ចោលទៅដោយហេតុលោកមិនសមធ្វើជាមនុស្សពត់តម្រង់ ឲ្យមនុស្សគោរពសិទ្ធិមនុស្សនោះទេ។ លោក Phil Robertson បាននឹងរំលោភសិទ្ធិមនុស្សឆ្លងទ្វីបហើយ ដោយលោកធ្វើការចោទប្រកាន់ខ្ញុំទាំងលោក មិនបានដឹងអំពីស្ថានភាពខ្ញុំច្បាស់លាស់ ម្យ៉ាងទៀត លោកបានបញ្ជាតុលាការកម្ពុជាឲ្យមកកាត់ទោសខ្ញុំ វាគឺជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរបំផុត»។
ប្រធានគណបក្សវ័យក្មេងរូបនេះ បានគូសបញ្ជាក់ថា ក្នុងនាមបរទេសមិនគួរញុះញង់ជាតិសាសន៍ដទៃ ឲ្យបែកបាក់ផ្ទៃក្នុងនោះឡើយ ហើយតុលាការ បានព្យាយាមដោះស្រាយបណ្តឹងជូនជនរងគ្រោះ ដោយឈរលើគោលការស្មើរភាពដើម្បីឲ្យជនរងគ្រោះទទួលបាននូវភាពយុត្តិធម៌ ហើយខណៈនេះដែរ ខាងជនរងគ្រោះកំពុងតែទទួលបាននូវយុត្តិធម៌ ពីតុលាការហើយ ក្រោយពីតុលាការបានរកឃើញអំពីតម្រុយប្រពឹត្តបទល្មើសរបស់ជនទាំងបីនោះ ដែលជាអតីតអ្នកដឹកនាំការងារបុណ្យសពលោកបណ្ឌិត កែម ឡី។
ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ ក៏បានស្នើកាសែតភ្នំពេញប៉ុស្តិ៍ ជួយផ្សាយនូវខ្លឹមសាររបស់លោកឲ្យអស់អត្ថន័យផង ដើម្បីជៀសវាងមានការភ័នច្រឡំមតិសាធារណៈ ព្រោះកន្លងទៅកាសែតមួយនេះ មិនបានដកស្រង់សម្ដីរបស់លោកអស់នោះទេ៕