(ភ្នំពេញ)៖ គ្រាដែលគណបក្សប្រជាជនកម្ពុជា កំពុងបើកមហាសន្និបាតវិសាមញ្ញរបស់ខ្លួននោះ លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាចនៅកម្ពុជាមួយនេះ ក៏បានបង្ហាញពីគោលនយោបាយធំៗ ដែលបក្សបានដាក់ចេញសម្រាប់អនុវត្តន៍ នៅក្នុងអាណត្តិថ្មី២០១៨-២០២៣ផងដែរ។
បើតាមលោក សុខ ឥសាន គោលនយោបាយធំៗ ដែលគណបក្សប្រជាជនកម្ពុជានឹងដាក់ចេញក្នុងមហាសន្និបាតរយៈពេល៣ថ្ងៃ (១៩-២១ មករា) នេះរួមមាន៖
១៖ ការពារយ៉ាងរឹងមាំ ឯករាជ្យ សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព ដើម្បីធានាការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាជន។
២៖ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប ទាំងខាងសម្ភារៈ និងស្មារតីឲ្យបានសមរម្យ ប្រកបដោយភាពថ្លៃថ្នូរ។
៣៖ ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិ សេរីភាព របស់ប្រជាជន និងការគោរពច្បាប់។ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សឲ្យចាក់គ្រឹះកាន់តែរឹងមាំពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាជន ក្នុងការកសាង និងការពារមាតុភូមិប្រកបដោយភាពជាម្ចាស់ លើជោគវាសនាអនាគតប្រទេសជាតិ។
៤៖ ពង្រឹងរដ្ឋបាលសាធារណៈ នៅគ្រប់ថ្នាក់ ជារដ្ឋបាលរបស់ប្រជាជន និងបម្រើផលប្រយោជន៍របស់ប្រជាជន។
៥៖ បន្តជំរុញកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ ។
៦៖ ជំរុញការអភិវឌ្ឈសង្គម សេដ្ឋកិច្ចឲ្យមានការរីកចម្រើនប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន។ ក្នុងគោលនយោបាយទី៦នេះ នឹងផ្តោតសំខាន់ទៅលើការគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ, ការពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឈ, ការអភិវឌ្ឈវិស័យឯកជន, ការអភិវឌ្ឈវិស័យកសិកម្ម អភិវឌ្ឈន៍ជនបទ ពាណិជ្ជកម្ម ការគ្រប់គ្រងដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន, ការអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការអភិវឌ្ឈទេសចរណ៍ វប្បធម៌ និងសាសនា, ការកសាងសមត្ថភាព និងអភិវឌ្ឈន៍ធនធានមនុស្ស, ការអភិវឌ្ឈការងារ និងការអភិវឌ្ឈប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់ស្ថានភាពស្ត្រី និងកុមារ ការអភិវឌ្ឈយុវជន និងកីឡា។
ក្នុងសេចក្តីព្រៀងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៅតែបន្តរំលឹកដល់សមាជិក សមាជិការបស់ខ្លួនឲ្យគោរពនូវអភិក្រម «ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល» ដើម្បីដោះស្រាយនូវកង្វល់ និងការថ្នាំងថ្នាក់របស់ប្រជាជន ព្រមទាំងបង្កើនជំនឿ និងការគាំទ្ររបស់ប្រជាជនលើបក្សប្រជាជនកម្ពុជា ដោយក្តាប់ឲ្យជាប់នូវគោលការណ៍បក្សក្នុងការកែទម្រង់។
ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក៏ជាកិច្ចការអាទិភាព ដែលបានកំណត់នៅក្នុងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ បើតាមសេចក្តីព្រៀងគោលនយោបាយ បានបង្ហាញថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជាកិច្ចការជាអាទិភាព ដែលបាននិងកំពុងបន្តជំរុញការអនុវត្តនូវវិធានការអប់រំ បង្ការ ទប់ស្កាត់ជាមុន តាមរយៈការពង្រឹងគណនេយ្យភាព សមត្ថភាព ប្រសិទ្ធភាពស្ថាប័នសាធារណៈគ្រប់ថ្នាក់ គ្រប់ផ្នែក ព្រមទាំងបំផុសចលនាឲ្យមានការចូលរួម និងគាំទ្រពីប្រជាជន វិស័យឯកជន និងសង្គមស៊ីវិល ដោយដើរទន្ទឹមនឹងវិធានការដ៏ម៉ឹងម៉ាត់នៅក្នុងការបង្ក្រាបចំពោះជនដែលប្រព្រឹត្តអំពើពុករលួយ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានរចនាសម្ព័ន្ធដឹកនាំ រឹងមាំជាងគេ និងបានដឹកនាំនាវាកម្ពុជាតាំងពីក្រោយរំដោះ៧ មករា ១៩៧៩មកនោះ បានបើកមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស ដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបានក្នុងអាណត្តិចាស់ឆ្នាំ២០១៣-២០១៨ និងដាក់ចេញទិសដៅការងារ ក៏ដូចក្របខណ្ឌនយោបាយថ្មីសម្រាប់ឆ្នាំ២០១៨-២០២៣។
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន បានលើកឡើងថា មហាសន្និបាតរយៈពេល៣ថ្ងៃនេះ មានរបៀបវារៈសំខាន់ៗចំនួន៣ ដែលនឹងត្រូវពិនិត្យ ពិភាក្សា និងអនុម័ត។ របៀបវារៈទាំងនោះរួមមាន៖
១៖ ឆ្លង និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៧ និងទិសដៅភារកិច្ចឆ្នាំ២០១៨។
២៖ ឆ្លង និងអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣។
៣៖ បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលមួយចំនួន៕