(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ឃាត់ខ្លួនក្រុមក្មេងទំនើងដែលបាន បង្កអំពើហិង្សា ដោយចេតនា ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសជាដំណំ មិនតែប៉ុណ្ណោះ ក្រុមជនបង្កជាមុខសញ្ញាបង្កភាពអនាធិបតេយ្យ នៅតាមផ្លូវសាធារណៈ ជារឿយៗផងដែរ។
មន្រ្តីនគរបាលជំនាញ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ ថា ក្រុមក្មេងទំនើងមានគ្នាពីរនាក់ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ដោយប្រើប្រាស់ដាវកែច្នៃមួយដើម នាវេលាម៉ោង២៖០០នាទី ទាបភ្លឺឈានចូលថ្ងៃទី១៩ បណ្តាលឲ្យរងរបួសក្បាលចំនួន៥ថ្នេរ ស្ថិតនៅចំណុចក្រោយផ្សារជិនជូរី ផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
កម្លាំងជំនាញបានបន្តថា ជនសង្ស័យទី១៖ ឈ្មោះ ហេង ប៊ុនណា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៦A ភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុក មខកំពូល ខេត្តកណ្តាល, ទី២៖ ឈ្មោះ សំណាង ម៉ូរ៉ាឌីណុល អាយុ១៨ឆ្នាំ មុខរបររត់តុនៅភោជនីយដ្ឋានង៉ន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ជាជនដៃដល់កាប់លើជនរងគ្រោះ។ វត្ថុតាងដកហូតបានរួមមាន៖ ទី១៖ ម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BW-0793, ទី២៖ ដាវកែច្នៃ ធ្វើពីដែកប្រវែង០៥,២៤ ម៉ែត្រ។
ចំណែកជនរងគ្រោះឈ្មោះ ផល សុធា អាយុ២៤ឆ្នាំ, មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ជពោធិសែនជ័យ រងរបួសក្បាល ដេរចំនួន៥ថ្នេរ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕