(ភ្នំពេញ)៖ ស្ពានបាឡេឆ្លងកាត់ទន្លេសាប ពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ទៅផ្លូវជាតិលេខ៥ ដែលចំណាយថវិកា ប្រមាណ៣៥លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី១៩ ខែមករានេះ សាងសង់បានជិត៥០ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់មុនចូលឆ្នាំខ្មែរខាងមុខនេះ។ នេះបើតាមការឲ្យដឹងរបស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ បានថ្លែងយ៉ាងដូច្នេះថា «គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ ការដ្ឋានសាងសង់ស្ពានបេតុង ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចបាន៤៥% និងខិតខំបញ្ចប់មុនចូលឆ្នាំខ្មែរខាងមុខ»។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បានអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែនេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ឲ្យដឹងថា ស្ពានបេតុងដែលគ្រោងស្ថាបនានេះ មានប្រវែង៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង, កំពស់សរសរស្ពានសំរាបព្យួរខ្សែកាប ធៀបនឹងកំរាលស្ពាន៣៤ម៉ែត្រ សរសរសំរាប់ព្យួរខ្សែកាប មានសរសរចំនួន៤, គន្លងខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែមក, កំពស់នាវាចរក្រោមស្ពានអតិបរមា នៅរដូវវស្សា១០.៥ម៉ែត្រ, កំពស់នាវាចរក្រោមស្ពានអប្បរមា នៅរដូវប្រាំង២០.៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរផងដែរ។
ស្ពាននេះ មានតួនាទីសំខាន់ក្នុងការរួមចំណែករំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និងជាសមិទ្ធផលថ្មីមួយទៀត ជាចំណងដៃសម្រាប់រាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលបានឆ្លងកាត់ស្ពាន ក៏ដូចបង្កើនសរសៃឈាមសេដ្ឋកិច្ច តភ្ជាប់ពីបណ្តាខេត្ត មករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តផងដែរ ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៕