(សៀមរាប)៖ សត្វទោចមកុដគូទី៣ ត្រូវបានអាជ្ញាធរជអប្សរា និងអង្គការដៃគូ ធ្វើការព្រលែងនៅក្នុងព្រៃនៃឧទ្យានអង្គរ នៅក្លោងទ្វារតាកាវនៃទីក្រុងអង្គរធំ ក្រោយក្រុមការងារផ្សាំងអស់រយៈពេល១ឆ្នាំ ដែលតូច១គូនេះ ត្រូវបានយកមកពីសួនសត្វភ្នំតាម៉ៅ។
លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរអប្សរា បានឱ្យដឹងថា ការព្រលែងនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។ បច្ចុប្បន្នព្រៃឧទ្យានអង្គរមានសត្វទោចចំនួន១០ក្បាលហើយ។ ទោចមកុដដែលព្រលែងនៅពេលនេះ មានចំនួន៣ គឺមេមួយ ឈ្មោលមេ និងកូនមួយ ដែលកូនបានកើតក្នុងទ្រុង ហើយក្រុមការងារបានផ្សាំង ក្នុងទ្រុងអស់រយៈពេលប្រមាណមួយឆ្នាំ មុនធ្វើការព្រលែង។
លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានឱ្យដឹងដែរថា សត្វទោចមកុដដែលយកមកព្រលែងនៅពេលនេះ គឺនាំយកពីសួនសត្វភ្នំតាម៉ៅ។
តាមការសិក្សាស្រាវជ្រាវកន្លងមក ឃើញថា តំបន់អង្គរធ្លាប់មានប្រភេទសត្វទោចរស់នៅ ប៉ុន្តែវាត្រូវបានផុតពូជទៅវិញនៅអំឡុងពេលមានសង្រ្គាមស៊ីវិល។ ដូច្នេះអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចាប់ផ្តើមគម្រោងស្ដារសត្វព្រៃឡើងវិញក្នុងតំបន់អង្គរ ហើយបាននាំប្រភេទសត្វព្រៃដែលធ្លាប់មាននៅតំបន់អង្គរមកវិញ ដូចជាសត្វទោចនេះជាដើម។
សត្វទោចជាប្រភេទសត្វព្រៃចូលចិត្តរស់នៅដាច់ឆ្ងាយពីគេឯង ឬអាចនិយាយបានថា ចន្លោះព្រៃ២០ហិកតា រស់នៅបានមួយគូ។ ចំណីរបស់វា រួមមានស្លឹកឈើ ផ្លែឈើ និងប្រភេទសត្វល្អិតផ្សេងៗ។ សត្វទោចចាប់ផ្តើមមានកូននៅអាយុ៥ឆ្នាំ ហើយចន្លោះពេលនោះ វានឹងមានកូនម្តងទៀត ក្រោយកូនរបស់វាមានអាយុពី៣ឆ្នាំឡើងទៅ។
គួររម្លឹកដែរថា អាជ្ញាធរជាតិអប្សរា បានព្រលែងទោចមកុដ១គូដំបូង នៅតំបន់ប្រាសាទតានៃ នាខែមិថុនា ឆ្នាំ២០១៣ និងមួយគូទៀត នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅក្លោងទ្វារខ្មោចខាងកើតប្រាសាទបាយ័ន។ ចំណែកទោចម្កុដមួយគូនៅម្តុំប្រាសាទតានៃ បានបង្កើតកូនចំនួនពីរលើក គឺកូនទីមួយជាកូនញី នៅអំឡុងខែកញ្ញា ឆ្នាំ២០១៥ និងកូនទី២ កើតនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧។ រីឯគូទី២ នៅក្លោងទ្វារប្រាសាទ ក៏បានបង្កើតកូនមួយក្បាលផងដែរ។ សរុបទាំងអស់ សព្វថ្ងៃនៅក្នុងព្រៃឧទ្យានអង្គរមានសត្វទោចចំនួន ១០ក្បាល រាប់ទាំងការព្រលែងជាលើកទី៣នេះ៕