(ភ្នំពេញ)៖ លោក Juan Carlos Marsán Aguilera អនុប្រធានគណៈទាក់ទងបរទេសបក្សកុម្មុយនីសគុយបា បានអះអាងថា បក្សកុម្មុយនីស និងរបស់រដ្ឋាភិបាលគុយបាគោរពការសម្រេចរបស់កម្ពុជាលើចំណាត់ការនានាលើស្ថានភាពនយោបាយនាពេលបច្ចុប្បន្ន រួមទាំងចំណាត់ការផ្លូវច្បាប់ចំពោះថ្នាក់ដឹកនាំ និងគណបក្សសង្គ្រោះជាតិ ដែលជាការទប់ស្កាត់ការផ្លាស់ប្តូររបបតាមរយៈអន្តរាគមន៍ពីបរទេសដោយខុសច្បាប់នោះ។
ការអះអាងរបស់លោក Juan Carlos Marsán Aguilera បានធ្វើឡើងក្នុងជំនួបសំដែងការគួរសមរបស់គណៈប្រតិភូបក្សកុម្មុយនីសគុយបា ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងនៅក្នុងសប្តាហ៍នេះ។
សេចក្តីប្រកាសព័ត៌មានបង្ហាញលទ្ធផលនៃជំនួបរបស់ក្រសួងការបរទេសកម្ពុជា ដែល Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ បាន្យដឹងថា ក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាលនោះ ប្រមុខការទូតកម្ពុជា បានលើកបង្ហាញពីស្ថានការណ៍ និងបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការវិវឌ្ឍន៍ផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា រួមទាំងចំណាត់ការផ្លូវច្បាប់ទៅលើថ្នាក់ដឹកនាំ និងគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងនៅកម្ពុជាផងដែរ។
បន្ទាប់ពីស្ថាប់នូវការបរិយាយលើបញ្ហានេះ លោក Juan Carlos Marsán Aguilera បានអះអាងថា គុយបា គោរពការសម្រេចរបស់ កម្ពុជាក្នុងការទប់ស្កាត់ទង្វើខុសច្បាប់ទាំងឡាយ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថេរភាពរបស់ប្រទេស។ លោក Juan Carlos Marsán Aguilera បានចាត់ទុកបញ្ហាទាំងអស់នេះ គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានក៏បានបង្ហាញផងដែរថា ក្នុងជំនួបនោះលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានចាត់ទុកទស្សនកិច្ចរបស់ប្រតិភូបក្សកុម្មុយនីសគុយបា គឺជាឱកាសដ៏ល្អមួយសម្រាប់ឲ្យប្រទេសទាំងពីរធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋគុយបា។
ប្រមុខការទូតកម្ពុជា ក៏បានរំលឹកអំពីការពិភាក្សាផ្លាស់ប្តូរយោបល់គ្នា រវាងលោកជាមួយរដ្ឋមន្ត្រីការបរទេសគុយបា ក្នុងឱកាសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញា ឆ្នាំ២០១៧ អំពីការពង្រឹងបន្ថែមនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានសម្តែងការអបអរសាទរចំពោះភាពរីកចម្រើនដែលសម្រេចបានក្នុងកំណែទំរង់នៅប្រទេសគុយបា ជាពិសេសកំណែទំរង់ផ្នែកសេដ្ឋកិច្ច។ លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីបំណងរបស់កម្ពុជា ចង់ឃើញភាពរីកចម្រើនក្នុងដំណើរការប្រក្រតីកម្មនៃទំនាក់ទំនងរវាងគុយបា និងសហរដ្ឋអាមេរិក។
លោកទេសរដ្ឋមន្ត្រី បានសំដែងកតញ្ញុតាចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា ដែលបានផ្តល់ជំនួយដល់ប្រជាជនកម្ពុជា ក្រោយការរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលពេលនោះ កម្ពុជាត្រូវទទួលរងនូវការលំបាកយ៉ាងខ្លាំងពីការហ៊ុព័ទ្ឋសេដ្ឋកិច្ចពីក្រៅប្រទេស និងបានអះអាងពីការបន្តប្រកាន់ជំហររបស់កម្ពុជាបោះឆ្នោតគាំទ្រដល់សេចក្តីសម្រេចខាងលើនេះរបស់មហាសន្និបាតអ.ស.ប។
លោក ប្រាក់ សុខុន និងប្រធានគណៈប្រតិភូបក្សកុម្មុយនីសគុយបា បានសំដែងការពេញចិត្ត និងបានលើកទឹកចិត្តឲ្យមានការបន្តពង្រឹងបន្ថែមកិច្ចសហប្រតិបតិ្តការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ រវាងប្រទេសទាំងពីរ។ លោកទេសរដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូ ក៏បានពិភាក្សាផ្លាស់ប្តូរទស្សនៈ និងព័ត៌មានគ្នា អំពីសភាពការណ៍នៃប្រទេសនីមួយៗ និងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាការព្រួយបារម្ភរួមផងដែរ។
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ក៏បានស្វាគមចំពោះការលើកឡើងរបស់ប្រធានគណៈប្រតិភូ អំពីបំណងរបស់គុយបា ចង់ឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសលើវិស័យអប់រំតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ផ្នែកសុខាភិបាល និងកិច្ចសហប្រតិបតិ្តការរវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរបស់គុយបា ជាមួយវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដែលទើបនឹងត្រូវបានបង្កើតឡើងក្នុងក្រសួងការបរទេសកម្ពុជា៕