(កណ្តាល)៖ នគរបាល នៃអធិការដ្ឋានស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ទើបចេញពីពន្ធនាគារដោយសារជួញដូរគ្រឿងញៀន មិនព្រមរៀងចាល លុះចេញពីពន្ធនាគារវិញបបួលគ្នីគ្នា ជួញដូរគ្រឿងញៀន ត្រូវកម្លាំងនគរបាលឃាត់ត្រឡប់ទៅពន្ធនាគារវិញ រួមជាមួយបក្ខពួកម្នាក់ ដកហូតបានវត្ថុតាងមួយចំនួន និងកាំភ្លើងកែច្នៃ១ដើមផងដែរ។
នគរបាលខេត្តកណ្តាល បានថ្លែងថា ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ ឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។ ជនសង្ស័យមានឈ្មោះ ហេង សោភា អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិពោធិ៍បាន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាដក។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ រ័ត្ន ផាត់យុទ្ធ អាយុ១៨ឆ្នាំ មានទីលំនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរកសិករ។
នគរបាលដដែលបានបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ កម្លាំងនគរបាលនៃអធិការដ្ឋាន នគរបាលស្រុកកោះធំ បានដើរចល័តល្បាត នៅក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង ដើម្បីការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ លុះល្បាត់មកដល់កន្លែងកើតហេតុ ក៏បានជួបមុខសញ្ញាសង្ស័យទាំង២នាក់។ វត្ថុតាងដកហូតបានមានថ្នាំញៀន (ម៉ាទឹកកក) ចំនួន៤កញ្ចប់តូច, កាំភ្លើងកែច្នៃខុសច្បាប់មួយដើម ដោយមានគ្រាប់កង់មួយចំនួនផងដែរ។
នគរបាលបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ នាំយកសាកសួរគេបានសារភាពថា ថ្នាំញៀនចំនួន៤កញ្ចប់តូចខាងលើនេះ ពិតជារបស់ពួកខ្លួន ប្រាកដមែន ដោយពួកខ្លួន បានចូល លុយគ្នាទិញមកពីក្រុងភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមជាមួយភស្តុតាង ត្រូវកម្លាំងនគរស្រុកស្អាង កំពុងសួរនាំដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕