(ភ្នំពេញ)៖ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានដាក់បទបញ្ជាឲ្យលោក ស្មាស រិទ្ធី ប្រធានការិយាល័យអន្តរវិស័យខណ្ឌ ដឹកនាំមន្ត្រីក្រុមការងារជំនាញពាក់ព័ន្ធមួយចំនួន ចុះទៅធ្វើការហាមឃាត់ការសាងសង់សំណង់របងថ្មមួយកន្លែង ដែលរំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋ ដោយគ្មានលិខិតអនុញ្ញាត របស់ម្ចាស់ឈ្មោះ ភួង ផលតុលា ភេទប្រុស រហូតឈានដល់ការដកហូតសម្ភារ មួយចំនួនមករក្សាទុក ក្រោយពីហាមឃាត់មិនព្រមស្ដាប់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅជាប់ផ្លូវបេតុង ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ស៊ូ សោគន្ធ កន្លងមក ធ្លាប់បានបញ្ជាក់ផងដែរថា ការទប់ស្កាត់រីករាលដាលចំពោះសំណង់ ដែលគ្មានលិខិតអនុញ្ញាត ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ គឺដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព ទៅតាមអនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីលិខិតអនុញ្ញាតសាងសង់ និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រួមនិងបទដ្ឋានរបស់ស្ថាប័នជំនាញ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់របស់លោក-លោកស្រីជាម្ចាស់សំណង់ ឬជាងសំណង់ ត្រូវផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ហើយបំពេញបែប បទស្នើសុំលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ហើយរង់ចាំរហូតទទួលបានលិខិតអនុញ្ញាត និងលិខិតបើកការដ្ឋាន ទើបអាចបន្តការសាងសង់តទៅទៀតបាន។
បើតាមលោក ស្មាស រិទ្ធី បានឲ្យដឹងផងដែរថា បើក្នុងករណីម្ចាស់សំណង់ ឬជាងសំណង់នៅតែបន្តការសាងសង់ ទាំងមិនមានលិខិតអនុញ្ញាតនោះ រដ្ឋបាល ខណ្ឌនឹងចាត់វិធានការរដ្ឋបាលឃាត់យកសម្ភារ ឧបករណ៍សំណង់មករក្សាទុក ជាបណ្ដោះអាសន្ន ដោយមិនទទួល ខុសត្រូវលើការខូចខាត ឬបាត់បង់អ្វីឡើយ និងរាល់ហានិភ័យដែលកើតឡើង ដោយគ្រោះថ្នាក់ពលកម្ម ការបាក់ស្រុត ដួលរលំសំណង់ អាចបង្កជាគ្រោះថ្នាក់ផ្សេងៗ ខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នោះលោក-លោកស្រី ជាម្ចាស់សំណង់ ឬជាងសំណង់ ដាច់ខាតទទួលខុសត្រូវទាំងស្រុង ចំពោះមុខច្បាប់ ជាធរមាន។
សូមបញ្ជាក់ថា លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ កន្លងមកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ក្នុងនាមជាម្ចាស់សំណង់ធំៗ គ្រប់ប្រភេទ ដូចជា៖ បុរី, ខន់ដូរ, សណ្ឋាគារ, ផ្ទះសំណាក់ ឬបុកគ្រឹះសាងសង់ផ្ទះតូច-ធំ នៅទូទាំងខណ្ឌទាំងអស់ ចាំបាច់ត្រូវតែរៀបចំធ្វើបែបបទស្នើសុំលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយសារតែកន្លងមកមានបញ្ហាជាច្រើន បានកើតឡើង នៅពេលដែលមន្ត្រីក្រុមការងារជំនាញចុះត្រួតពិនិត្យជាក់ស្ដែង តាមសំណង់នីមួយៗរបស់លោក-លោកស្រី ឃើញថា មួយចំនួនមិនមានច្បាប់ និងមួយចំនួនទៀត មានច្បាប់អនុញ្ញាតសាងសង់ត្រឹមតែសាលាសង្កាត់ប៉ុណ្ណោះ។
លើសពីនេះ លោក ជា ពិសី បានបញ្ជាក់ថា ពិសេសសូមឲ្យមន្ត្រីថ្នាក់ក្រោមទាំងអស់ រាប់ចាប់ពីថ្នាក់ភូមិ-សង្កាត់-ខណ្ឌ គួរតែរៀបចំដុះក្អែល លាងដៃ សិតសក់ លាបម្សៅ និងឆ្លុះកញ្ចក់ខ្លួនឯងឲ្យបានច្បាស់ ក្នុងការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីផ្ដល់សេវាសាធារណៈឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ តាមរយះការិយាល័យច្រកចេញ-ចូលតែមួយ របស់រដ្ឋបាលខណ្ឌ ដើម្បីជៀសវាងបាននូវការរិះគន់ ពីក្រៅប្រព័ន្ធច្បាប់៕