(ភ្នំពេញ)៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ បានបញ្ជូនខ្លួនស្ដ្រីម្ចាស់ទីតាំងម៉ាស្សាម្នាក់ទៅកាន់តុលាការដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់។
រហូតមកដល់ពេលនេះ ស្រ្តីសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់តំណាងអយ្យការ លោក គុជ គឹមឡុង ដើម្បីចាត់ការបន្តទៀត។
សមត្ថកិច្ចបានឲ្យដឹងថា ស្ដ្រីម្ចាស់ទីតាំងមានឈ្មោះប៉ែន រ៉ានី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ6F ផ្លូវលឹមឈាងហាក់ទី៣ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាប ហាងម៉ាស្សាមួយកន្លែងយីហោ «តំលៃ៣$» ដែលស្ថិតនៅផ្ទះលេខ6F ផ្លូវលឹមឈាងហាក់ទី៣ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ និងឃាត់ខ្លួនថៅកែស្រីម្នាក់ និងមនុស្សស្រី៥នាក់ក្នុងនោះក្មេងស្រី១ម្នាក់ ជាអនីតិជន ដែលជាប់ពាក់ព័ន្ធទៅនឹងករណីប្រព្រឹត្តសញ្ចាកម្ម។ ប្រតិបត្តិការនេះ មានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ៕