(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកដល់សមាជិក សមាជិកាបក្សថា ដើម្បីឈានទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០១៨នេះ ត្រូវរួមគ្នាសន្សំពិន្ទុពីម្ចាស់ឆ្នោតគ្រប់ពេលវេលា តាមរយៈពង្រឹងគុណភាពការងារ និងអំពើល្អរបស់មន្ត្រីគ្រប់រូប។
ការថ្លែងក្រើនរំលឹករបស់សម្តេច ហេង សំរិន បានធ្វើឡើងតាមរយៈសុន្ទរកថាបើកមហាសន្និបាតវិសាមញ្ញតំណាង ទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ព.ស២៥៦១ ត្រូវនឹងថ្ងៃ១៩ ខែមករា ឆ្នាំ២០១៨នេះ។
ក្នុងមហាសន្និបាតដែលធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមា ជិក សមាជិកាជាង ២ពាន់នាក់នេះ សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា ឆ្នាំ២០១៨ ជាឆ្នាំផ្តើមនីតិកាលថ្មីរយៈពេល៥ឆ្នាំទៀត ដែលមានការងារចំពោះមុខជាច្រើនត្រូវរួមគ្នាធ្វើ។ សម្តេច ហេង សំរិន ក៏បានថ្លែងផងដែរថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ក៏ជាការងារដែលត្រូវរួមគ្នាធ្វើឲ្យបានល្អផងដែរ។
សម្តេច ហេង សំរិន ក្រើនរំលឹកឲ្យសមាជិក សមាជិកាបក្សរបស់ខ្លួនយ៉ាងដូច្នេះ «បទពិសោធន៍បានបង្ហាញថា ដើម្បីឈានទៅឈ្នះឆ្នោតបាន ត្រូវមានការសន្សំពិន្ទុពីម្ចាស់ឆ្នោតគ្រប់ពេលតាមរយៈគុណភាពការងារ និងអំពើល្អរបស់មន្រ្តីយើង។ ព្រមជាមួយនេះ គណបក្សយើងក៏ត្រូវតែមានកម្មវិធីនយោបាយដែលសុក្រឹត្យបំផុត ដើម្បីបង្ហាញម្ចាស់ឆ្នោតឲ្យមានសង្ឃឹមសម្រាប់អនាគត ហើយសម្រេចចិត្តគាំទ្រគណបក្សយើង»។
ក្នុងសុន្ទរកថាបើកមហាសន្និបាតវិសាមញ្ញសម្តេច ហេង សំរិន ក៏បានរំលេចផងដែរពីសមិទ្ធផល និងបញ្ហាប្រឈមមួយចំនួន ក្នុងឆ្នាំ២០១៣-២០១៨ នីតិកាលទី៥នៃរដ្ឋសភា។
សម្តេច ហេង សំរិន បានថ្លែងថា ចាប់តាំងពីក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ សភាពការណ៍នៅកម្ពុជាមានលក្ខណៈ តានតឹង ស្មុគស្មាញ និងគ្រោះថ្នាក់បំផុត ហើយបន្តបន្ទាប់មកទៀត ក៏បានលេចឡើងនូវឧបាយកល និងសកម្មភាពជាច្រើន ដែលមានបំណងបន្ទុចបង្អាក់បង្កចលាចល និងរារាំងដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រហូតឈានដល់មានពួកក្បត់ជាតិបានឃុបឃិតជាមួយបរទេស បានរៀបចំផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តន៍ពណ៌ដូចនៅតាមប្រទេសមួយចំនួន ដោយមិនខ្វល់អំពីផលលំបាក ដែលនឹងទាញឲ្យសង្គមកម្ពុជាធ្លាក់ក្នុងគ្រោះមហន្តរាយធ្ងន់ធ្ងរជាថ្មីនោះឡើយ។
តែទោះជាយ៉ាងណា ឧបសគ្គ និងស្ថានការណ៍ដ៏ស្មុគស្មាញទាំងអស់នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជាជម្នះបាន ហើយបន្តដឹកនាំប្រទេសប្រកបដោយភាពល្អប្រសើរ រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ ធានាបាននិរន្តរភាពនៃដំណើរការរបស់រដ្ឋផងដែរ។ នេះបើតាមការបញ្ជាក់របស់សម្តេចប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានរចនាសម្ព័ន្ធដឹកនាំ រឹងមាំជាងគេ និងបានដឹកនាំនាវាកម្ពុជាតាំងពីក្រោយរំដោះ៧ មករា ១៩៧៩មកនោះ បានបើកមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស ដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបានក្នុងអាណត្តិចាស់ឆ្នាំ២០១៣-២០១៨ និងដាក់ចេញទិសដៅការងារ ក៏ដូចក្របខណ្ឌនយោបាយថ្មីសម្រាប់ឆ្នាំ២០១៨-២០២៣។
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន បានលើកឡើងថា មហាសន្និបាតរយៈពេល៣ថ្ងៃនេះ មានរបៀបវារៈសំខាន់ៗចំនួន៣ ដែលនឹងត្រូវពិនិត្យ ពិភាក្សា និងអនុម័ត។ របៀបវារៈទាំងនោះរួមមាន៖
១. ឆ្លង និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៧ និងទិសដៅភារកិច្ចឆ្នាំ២០១៨។
២. ឆ្លង និងអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣។
៣. បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលមួយចំនួន៕