(ភ្នំពេញ)៖ នៅទីបំផុតអ្វីៗបានច្បាស់លាស់គ្រប់គ្នា ជាពិសេសនៅពេលដែលអតីតមេបក្សព្រះអាទិត្យ សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ ច្បាប់បានប្រកាសបង្កើតនូវចលនាសង្រ្គោះជាតិមួយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ។ សម រង្ស៊ី បានសារភាពថា អ្វីដែល គណបក្សសង្រ្គោះជាតិ មិនអាចធ្វើបានដោយចំហកន្លងមក ឥឡូវអាចធ្វើបានដោយចំហ និងដោយចេញមុខ ក្រោមចលនាសង្រ្គោះជាតិ នេះហើយ។ នេះគឺការញុះញង់ និងការបញ្ចុះបញ្ចូល តាមគ្រប់ទម្រង់ និងប្រកបដោយឧបាយកលបោកបញ្ឆោត ដើម្បីឱ្យប្រជាជនបះបោរប្រឆាំងនឹងរដ្ឋអំណាច និងឱ្យកងកម្លាំងប្រដាប់អាវុធមិនស្តាប់បង្គាប់បញ្ជារបស់រដ្ឋអំណាច ដើម្បីសម្រេចគោលដៅធ្វើ បដិវត្តន៍ពណ៌នៅកម្ពុជា។
តាមការពិត សម្តី និងសកម្មភាពរបស់ សម រង្ស៊ី បែបនេះ មិនមែនជារឿងថ្មីនោះទេ។ សម រង្ស៊ី ធ្លាប់បាននិយាយញុះញង់រឿងនេះជាច្រើនលើកច្រើនសា ជាពិសេស ក្រោយពេលកើតមានបដិវត្តន៍ពណ៌ជាបន្តបន្ទាប់នៅក្នុងពិភពអារ៉ាប់ ហើយគណបក្សសង្រ្គោះជាតិក៏ធ្លាប់បានដឹកនាំ និងចាត់តាំងអនុវត្តសកម្មភាព និងឧបាយកលទាំងនេះ ក្រោមលេស ប្រជាធិបតេយ្យ និងជំនួយឧបត្ថម្ភពីបរទេស ពិសេសក្រោយការបោះឆ្នោតឆ្នាំ ២០១៣ រហូតមកដល់ថ្ងៃដែល កឹម សុខាធ្លោះធ្លោយបញ្ចេញអាថ៌កំបាំងទាំងនេះ ហើយត្រូវបានចាប់ខ្លួន និងមានដំណើរការនីតិវិធីច្បាប់រហូតឈានដល់ការរំលាយគណបក្សសង្រ្គោះជាតិផងដែរ។
នៅទីបំផុត សម រង្ស៊ី ខ្លួនឯងក៏បានសារភាពខ្ជាក់ចេញជាភស្តុតាងយ៉ាងច្បាស់ថា គោលដៅចុងក្រោយរបស់គណបក្សសង្រ្គោះជាតិ និងបន្តក្រោម ឈ្មោះថ្មីជាចលនាសង្រ្គោះជាតិ គឺការប្រមូលកម្លាំងធ្វើបដិវត្តន៍ពណ៌នៅឆ្នាំ ២០១៨។ ដូច្នេះ ជាមួយនឹងការបង្កើតចលនាសង្រ្គោះជាតិ និងការបង្ហាញអំពីផែនការ និងសកម្មភាពដែលចលនានេះត្រូវធ្វើ សម រង្ស៊ី បានផ្តល់ភស្តុតាងជាទឡ្ហីករណ៍បន្ថែមយ៉ាងរឹងមាំថា ការរំលាយគណបក្សសង្រ្គោះជាតិ គឺជារឿងត្រឹមត្រូវ និងបានទាន់ពេលវេលា ហើយបានបំផ្លាញចោលនូវអង្គការចាត់តាំងនយោបាយ ធ្វើបដិវត្តន៍ពណ៌ក្នុងស្រុក ធានាបាននូវស្ថិរភាព និងសន្តិភាព ជាប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។
តើចលនាសង្រ្គោះជាតិគឺជាអ្វី? ចលនាសង្រ្គោះជាតិនេះ គឺជាចលនាឧទ្ទាមមួយយ៉ាងពិតប្រាកដ ហើយស្ថិតក្នុងវង្សត្រកូលតែមួយ នៃគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ចលនាឧទ្ទាមដែលនៅក្រៅ ប្រព័ន្ធប្រជាធិបតេយ្យ និងក្រៅក្របខណ្ឌច្បាប់ គឺជាចលនាខុសរដ្ឋធម្មនុញ្ញខ្មែរ និងខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា យ៉ាងពិតប្រាកដ។
រចនាសម្ព័ន្ធ និងអង្គការចាត់តាំងនៃឧទ្ទាមទ័ពព្រៃត្រូវបានបំផ្លាញចោលទាំងស្រុងនៅឆ្នាំ ១៩៩៨ ដោយនយោបាយ ឈ្នះ-ឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ដែលបាននាំសុខសន្តិភាព និងឯកភាពទឹកដីពេញលេញជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ប៉ុន្តែ ឥឡូវ ចលនាឧទ្ទាមស៊ីវិលក្នុងទីក្រុង ដែលបានលាក់មុខជ្រកក្រោមស្លាកនៃបក្សសង្រ្គោះជាតិនាពេលកន្លងមក បានចាប់កំណើតប្រែធាតុក្រោម ឈ្មោះថ្មីហៅថា ចលនាសង្រ្គោះជាតិវិញម្តង។ ជាការពិត ដូចអ្វីដែល សម រង្ស៊ី បានលើកឡើង ទាំងឧទ្ទាមស៊ីវិល ទាំងឧទ្ទាមទ័ពព្រៃ គឺមិនមានរូបរាងផ្លូវច្បាប់នោះទេ។ បើគ្មានរូបរាងផ្លូវច្បាប់ និងគ្មានការទទួលស្គាល់តាមផ្លូវច្បាប់ គឺមានន័យថា មេដឹកនាំចលនានេះ ព្រមទាំងអ្នកចូលរួមក្នុងចលនានេះ គឺជាសត្រូវនៃសន្តិភាពរបស់ប្រជាជនខ្មែរ ជាសត្រូវនៃរដ្ឋធម្មនុញ្ញខ្មែរ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
ចលនាឧទ្ទាម ដែលបង្កើតឡើងដោយ សម រង្ស៊ី នាពេលនេះ ដោយប្រកាសជាចំហ ប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់របស់កម្ពុជា តាមរយៈការញុះញង់បោកបញ្ឆោតប្រជាជន និងកងកម្លាំងប្រដាប់ឱ្យងើបឡើងបះបោរ គឺជាការបន្តអនុវត្ត «គោលដៅចាស់ ឧបាយកលថ្មី» ក្នុងការប្រមូលកម្លាំងជាលើកចុងក្រោយ ធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា។ ហេតុដូច្នេះហើយបានជា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ទណ្ធិត សម រង្ស៊ី ព្យាយាមក្នុង ការញុះញង់បំបែកបំបាក់ជាតិសាជាថ្មី រួមនឹងប្រើមធ្យោបាយគំរាមកំហែងប្រើហិង្សា និងយកជាតិ និងប្រជាជនកម្ពុជាទាំងមូល មកធ្វើចំណាប់ខ្មាំងនយោបាយរបស់ខ្លួន។ ប៉ុន្តេទោះបីជា សម រង្ស៊ី ខំប្រឹងសម្តែងលួងលោមចិត្តខ្លួនយ៉ាងណាក៏ដោយ ក៏អ្វីដែល សម រង្ស៊ី ព្យាយាមកកូរកកាយបំផ្លាញជាតិនេះគឺជាក្តីស្រម៉ៃក្នុងក្តីអស់សង្ឃឹមប៉ុណ្ណោះ។
ប្រជាជនកម្ពុជាគ្រប់រូប គួរយល់ច្បាស់ដែរហើយថា ការផ្លាស់ប្តូររដ្ឋអំណាចស្របច្បាប់ តាមបដិវត្តន៍ពណ៌ ពុំមែនជាកិច្ចដំណើរការប្រជាធិបតេយ្យ នោះទេ ហើយបទពិសោធនៅពិភពអារ៉ាប់ បានបង្ហាញយ៉ាងច្បាស់ណាស់ហើយថា បដិវត្តន៍ពណ៌បានបង្កើតឱ្យមានការបែកបាក់ជាតិ និងវិនាសកម្ម ហើយបានជាន់ពន្លិចប្រទេសជាតិទៅក្នុងភ្នក់ភ្លើងនៃសង្រ្គាមដ៏ប្រល័យ ដែលគួរឱ្យខ្លោចបំផុត។ កម្ពុជាដែលធ្លាប់ឆ្លងកាត់មហាវិនាសកម្មដ៏សែនរន្ធត់ និងខ្លោចផ្សារក្នុងប្រវត្តិសាស្រ្តថ្មីៗរបស់ខ្លួន ពិតជាចេះស្រឡាញ់ និងថែរក្សាការពារសន្តិភាពដើម្បីឧត្តមប្រយោជន៍នៃប្រជាជាតិខ្មែរ ទាំងសម្រាប់បច្ចុប្បន្ន ទាំងសម្រាប់អនាគត។ កូនខ្មែរ ក៏គួរចងចាំដែរថា បក្សប្រឆាំង ឬបក្សជំទាស់ គឺកើតមានតែក្នុងក្របខណ្ឌនៃដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត និងក្រោមដំបូលនៃច្បាប់រដ្ឋតែប៉ុណ្ណោះ។ កូនខ្មែរសូមកុំច្រឡំ និងកុំបណ្តោយឱ្យបរទេសពង្វក់ឱ្យវង្វេងជាតិ ហើយស្រឡាញ់ និងគោរពបរទេសជាងខ្មែរ និងជាងខ្លួនឯង! ការប្រឆាំង ត្រូវធ្វើដើម្បីឧត្តមប្រយោជន៍របស់កម្ពុជា និងប្រជាជនកម្ពុជា បើប្រឆាំងនឹងផលប្រយោជន៍របស់កម្ពុជា និងប្រជាជនកម្ពុជា នោះប្រាកដណាស់ វាជាអំពើក្បត់នឹងកម្ពុជា ក្បត់នឹងជាតិឯង និងមិនខុសទៅនឹងអំពើក្បត់នឹងម្តាយបង្កើតខ្លួនឯងនោះទេ។
ដោយ៖ ចៅ ចាក់ស្មុក
ឧដ្តុង្គ ខេត្តកំពង់ស្ពឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨