(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំអភិបាលរងខេត្ត មន្ទីរជំនាញ និងអាជ្ញាធរក្រុង ចុះពិនិត្យមើលការដ្ឋានសាងសង់ទំនប់បង្ហៀរក្បាលហុង ស្ថិតក្នុងភូមិក្បាលហុង ឃុំវាល ស្រុកកណ្តៀង ដែលជាការឆ្លើយតបនឹងការទន្ទឹងរងចាំ របស់ប្រជាពលរដ្ឋ ពីការប្រែមុខមាត់ថ្មីពីស្ពានក្បាលហុងចាស់ទ្រុឌទ្រោម ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត ចំកណ្តាលក្រុងពោធិ៍សាត់ និងសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ទៅដល់បងប្អូនប្រជាកសិករ។
នៅក្នុងឱកាសចុះពិនិត្យការដ្ឋាននាឱកាសនោះ លោក ម៉ៅ ធនិន បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យសង្គមជាតិយើង ទទួលបានសុខសន្តិភាព ស្ថេរភាពលើផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកបានបន្ថែមថា ខេត្តពោធិ៍សាត់យើងទាំងមូល ក៏មានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ បើទោះបីជាខេត្តនេះ ធ្លាប់តែជាខេត្តឆ្លងកាត់ពីមុនក្តី។
ជាក់ស្តែងរាជរដ្ឋាភិបាល បានផ្តល់សមិទ្ធិផលជាច្រើន ជាចំណងដៃជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដូចជាទំនប់ទី៣ និងទី៥, ផ្លូវជាតិលេខ៥៥, ផ្លូវក្រាលកៅស៊ូជនបទ១០ខ្សែ ស្មើនឹង១២៥,៥គីឡូម៉ែត្រ និងនាពេលថ្មីៗនេះទទួលបានផ្លូវភ្លោះ លើកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម-ធ្លាម្អម ប្រវែង១៣៥.២៥គីឡូម៉ែត្រ ដែលនឹងចាប់សាងសង់នៅខែកុម្ភៈ ត្រូវចំណាយទឹកប្រាក់ជិត២៥០លានដុល្លារអាមេរិក។
លោកបានបន្ថែមទៀតថា ចំពោះគម្រោងទំនប់បង្ហៀរក្បាលហុងដែលកំពុងសាងសង់នាពេលនេះ ធ្វើឡើងស្របពេលដែលប្រជាពលរដ្ឋបាននឹងកំពុងទន្ទឹងរង់ចាំ ពីការប្រែមុខមាត់ពីស្ពានក្បាល ហុងចាស់ទ្រុឌទ្រោម ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត ចំកណ្តាលក្រុងពោធិ៍សាត់ និងសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ទៅដល់បងប្អូនប្រជាកសិករ។
គួរបញ្ជាក់ថា សំណង់ទ្វាទឹកក្បាលហុង គឺជាសំណង់ចាស់ទ្រុឌទ្រោម ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ដែលត្រូវទាមទារធ្វើការជួយជុលឡើងវិញ ទៅជាទំនប់បង្ហៀរ នៅលើទីតាំងចាស់ ដែលមានប្រវែង៩៤ម៉ែត្រ បាតក្រោម៩ម៉ែត្រ ខ្នងលើ៤ម៉ែត្រ មានកម្ពស់១,៣ម៉ែត្រ និងមានទ្វាទឹក២សង្ខាង ហើយក្នុងនោះមានលទ្ធភាពស្រោចស្រព ទៅលើផ្ទៃដីស្រែ និងដំណាំរួមផ្សំ ចំនួន៣ពាន់ហិកតា សម្រាប់បម្រើផលប្រយោជន៍ប្រជាជនក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។
ក្នុងនោះគម្រោងនេះ បានជួយសម្អាតបរិស្ថានក្នុងក្រុងពោធិ៍សាត់ នៅតាមដងស្ទឹង ហើយជួយបង្កើតនូវលំហូរភ្ញៀវទេសចរណ៍ ចូលមកទស្សនាក្នុងខេត្តពោធិ៍សាត់ផងដែរ។ គម្រោងនេះ បានផ្តើមដំណើរការ នៅខែមករានេះតទៅ ដោយប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្តពោធិ៍សាត់។ ទន្ទឹមនឹងគម្រោងទំនប់បង្ហៀរក្បាលហុងបាននឹងកំពុងសាងសង់ ផ្លូវថ្មើរជើងជាប់មាត់ស្ទឹង ចាប់ពីចុងសួនច្បារមុខផ្សារថ្មីពោធិ៍សាត់ រហូតដល់សណ្ឋាគារ ខេ អឹម ក៏ត្រូវបានធ្វើឡើងស្របគ្នានោះផងដែរ។
ខាងក្រោមនេះគឺជាការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលទទួលបានសមិទ្ធិផលថ្មី ពីរាជរដ្ឋាភិបាល៖